(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ បានទទួលអំណោយពីក្រុមហ៊ុន វីរៈប៊ុនថាំ អេចនប្រស នូវថវិកាចំនួន ២០លានរៀល និងសម្ភារមួយចំនួន សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការទប់ស្កាត់នៃជំងឺកូវីដ១៩។
លោកអភិបាលខេត្ត បានលើកឡើងថា សម្ភារដែលទទូលបានក្នុងនោះរួមមាន៖ ថវិកាចំនួន២០,០០០,០០០រៀល, អង្ករចំនួន ២,០០០គីឡូក្រាម, មី ចំនួន៣០០កេស ស្មើរនឹង៧៥,០០ដុល្លា ជូនដល់រដ្ឋបាលខេត្ត សម្រាប់យកទៅប្រើប្រាស់ក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងបវិវេនសាលាខេត្ត។
លោកបានថ្លែងអំណគុណដល់ លោក សូ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ដែលបានធ្វើឧបត្ថម្ភមានដូចជា ថវិកា អង្ករ មី គិតជាដុល្លារស្មើនិង ៧,៥០០ដុល្លា សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងសំរាកព្យាបាលនៅក្នុងមណ្ឌល ខេត្តបន្ទាយមានជ័យ។
លោកបានបន្ដថា អំណោយមនុស្សធម៌ទាំងអស់នេះ លោកនឹងខិតខំប្រើប្រាស់ឱ្យចំទិសដៅនៅតាមមណ្ឌលព្យាបាលអ្នកកើតជំងឺកូវីដ១៩ ក្នុងខេត្តបន្ទាយមានជ័យទាំងអស់។
លោក សូ វីរៈ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាពិសេស គឺខេត្តបានគ្រប់គ្រងអ្នកដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» បានបញ្ជូនឱ្យពួកគាត់មកធ្វើចត្តាឡីស័ក និងព្យាបាល បានយ៉ាងល្អប្រសើរផងដែរ។
លោកបានបញ្ជាក់ថា លោកសូមទឹកចិត្តដល់អាជ្ញាធរខេត្ត និងមន្ត្រីសុខាភិបាល ត្រូវរួមសហការគ្នាឱ្យកាន់តែប្រសើរថែមទៀត ដើម្បីទប់ស្កាត់កុំឱ្យកើតមានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នេះ បន្តទៀត ដោយត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ ក្នុងការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ពិសេសត្រូវរួមគ្នាអនុវត្តបានខ្ជាប់ខ្ជួនតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួនផងដែរ៕