(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានផ្ញើលិខិតរំលែកទុក្ខជូនលោកស្រី ហ្សៃណុប យូសុះ ហ្សាការីយ៉ា អាដាម ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោក ហ្សាការីយ៉ា អាដាម ជារដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី។ នេះបើតាមលិខិតរបស់លោក ស៉ឹម កា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ។

តាមរយៈលិខិតសម្តេចពញាចក្រី ហេង សំរិន បានបង្ហាញអារម្មណ៍ក្តុកក្តួលយ៉ាងដូច្នេះថា៖ «តាងនាមសមាជិក សមាជិកា នៃរដ្ឋសភា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្ដីក្រៀមក្រំសោកស្តាយឥតឧបមា ក្រោយពីបានទទួល ដំណឹងដ៏សែនរន្ធត់អំពីមរណភាព របស់ឯកឧត្តម ហ្សាការីយ៉ា អាដាម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា ចាងហ្វាងរងនៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា និងជាអតីតសមាជិករដ្ឋសភា ដែលបានទទួលមរណភាព នៅថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នៅទីក្រុងគូឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី វេលាម៉ោង ៤៖៥០នាទី ទៀបភ្លឺ ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ»

សម្តេចពញាចក្រី ហេង សំរិន បានចាត់ថាការបាត់បង់លោក ហ្សាការីយ៉ា អាដាម គឺជាការបាត់បង់នូវមន្ត្រីដ៏ជំនាញមួយរូប របស់រាជរដ្ឋាភិបាល ហើយការជាការបាត់បង់នូវស្វាមី និងបិតាប្រកបដោយព្រហ្មវិហាធម៌ ហើយជាពិសេសទៅទៀត គឺជាការបាត់បង់សមាជិកដ៏សំខាន់មួយរូបនៃមហាគ្រួសារខ្មែរឥស្លាម។

ក្នុងនាមខ្លួនសម្តេចផ្ទាល់ ព្រមទាំងសមាជិក សមាជិកានៃរដ្ឋសភា សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ ជាមួយគ្រួសារសពទាំងមូល និងសូមបួងសួងដល់ព្រះអល់ឡោះ សូមតាមថែរក្សាដួងវិញ្ញាណក្ខន្ធ លោក ហ្សាការីយ៉ា អាដាម ហើយដោយតេជានុភាពនៃកុសលផលបុណ្យដែលយើងបានសាង សូមឧទ្ទិសជូនចំពោះវិញ្ញាណក្ខន្ធលោកបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា លោក ហ្សាការីយ៉ា អាដាម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានទទួលមរណភាពនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៣៖៥០ ទៀបភ្លឺ ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៉ី៕