(កោះកុង)៖ លោក វ៉េន សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ក្រោមការសម្របសម្រួលដោយលោក អេង ចាន់ភារ៉ា ព្រះរាជ្ញារងអមសាលាដំបូងខេត្ត នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ មន្ត្រីការពារឧទ្យានជាតិ កម្លាំងអាវុហត្ថខេត្ត ចុះរុះរើខ្ទមចំនួន២៧ខ្ទម សាងសង់អនាធិបតេយ្យកម្ទេចលួសរបងរាប់រយម៉ែត្រ និងដំណាំខុសច្បាប់មួយចំនួន ស្ថិតនៅចំណុចអូរយ៉ូយ៉ា និយាមការ ក្នុងភូមិសាស្រ្តភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ។
លោក វ៉េន សុនីម បានឱ្យដឹងថា «ការចុះអនុវត្តន៍វិធានការរបស់របស់មន្ត្រីបរិស្ថាខេត្ត ទៅជនខិលខូចដែលគាត់បានកាប់ទន្ទ្រាន និងសាងសង់ខ្ទមលើកដីរបស់តំបន់ការពារឧទ្យានជាតិជាអនាធិបតេយ្យដោយគ្មានការអនុញ្ញាត ពីអាជ្ញាធរនោះទេ កម្លាំងមន្ត្រីបរិស្ថាន និងការពារឧទ្យានជាតិខេត្តត្រូវមានវិធានទប់ស្កាត់ការពារមិនអនុញ្ញាតឱ្យគាត់ធ្វើការកាប់ទន្ទ្រាន និងសង់ខ្ទមតាមអំពើចិត្តបន្តទៀតឡើយពីព្រោះដីតំបន់ភូមិសាស្រ្តនេះ ជាដីរបស់រដ្ឋ ជាដីតំបន់ការពាររបស់ឧទ្យានជាតិ ដូច្នេះយើងត្រូវតែអនុវត្តន៍ច្បាប់ជាបន្ទាន់ មិនឱ្យរីករាលដាល់បន្តទៀតឡើយ ហើយដីព្រៃតំបន់នេះ ជាតំបន់ឧទ្យានជាតិស្ថិតក្នុងតំបន់ការពារ»។
លោក វ៉េន សុនីម បានបន្ថែមថា មុននឹងឈានដល់ការអនុវត្តន៍ច្បាប់របស់មន្ទីរបរិស្ថានខេត្ត បានជូនដំណឹងជូនរដ្ឋបាលខេត្តរួចរាល់អស់ ដើម្បីសូមការឯកភាពចុះអនុវត្តន៍នៅវិធានការចុះរុះរើខ្ទមសាងសង់អាណាធិបតេយ្យនេះ ហើយមុនធ្វើការរុះរើក្រុមការងារបានជូនដំណឹងតាំងពីឆ្នាំ២០១៨ មកម្ល៉េះ ហើយអញ្ជើញគាត់ទាំង២៧គ្រួសារ មកធ្វើការណែនាំធ្វើកិច្ចសន្យាដល់ពួកគាត់ជាច្រើនដងមកហើយ មុននឹងក្រុមការងារចុះអនុវត្តន៍ច្បាប់មុន ធ្វើការរុះរើខ្ទមទាំង២៧ ដោយមិនអនុញ្ញាតឱ្យសាងសង់ និងកាប់ទន្ទា្រន់ដីព្រៃរបស់រដ្ឋបន្តឡើយ។
លោកបានបញ្ជាក់ថា ចំពោះជនខិលខូចទាំង២៧គ្រួសារខាងលើនេះ ក្រុមការងារសូមឱ្យដកខ្លួនចេញពីទីតាំងខាងលើនេះហើយឈប់កាប់ទន្រ្ទានដីរដ្ឋជាដីតំបន់ការពារឧទ្យានជាតិធ្វើជាកម្មសិទ្ធិបន្តទៀត ព្រោះវានឹងប្រឈមនឹងផ្លូវច្បាប់ទៀតផង។
លោក អេង ចាន់ភារ៉ា បានឱ្យដឹងថា ការចុះធ្វើការសម្របសម្រួលរបស់អយ្យការសាលាដំបូងខេត្ត ជាមួយមន្ត្រីបរិស្ថានខេត្ត និងមន្ត្រីការពារឧទ្យានជាតិ លោកបានជូនដំណឹងដល់រដ្ឋាបាលខេត្តរួចរាល់ហើយ ដើម្បីសុំសេចក្តីសម្រេចនៃការចុះរុះរើខ្ទមអាណាធិតេយ្យដែលក្រុមជនខិលខូចលួចសាងសង់ និងកាប់ទន្ទ្រាន់ដីរដ្ឋស្ថិតក្នុងតំបន់ការពារឧទ្យានជាតិធ្វើជាកម្មសិទ្ធិរបស់ខ្លួនដោយមិនមានច្បាប់អនុញ្ញាតចេញរដ្ឋាបាលខេត្ត និងអាជ្ញាធរដែនដីនោះ។
លោកបានបន្តថា ការកាប់ទន្រ្ទាន និងសាសង់ខ្ទមយ៉ាងអាណាធិបតេយ្យជាដីរបស់រដ្ឋស្ថិតក្នុងតំបន់ការពារវាជាអំពើខុសច្បាប់ដ៏ធ្ងន់ធ្ងនហើយ និងត្រូវប្រឈមនឹងផ្លូវច្បាប់ទៀតផង។ ហេតុដូច្នេះសូមបងប្អូនឈប់ចូលកាប់ទន្រ្ទានដី របស់រដ្ឋយកធ្វើជាកម្មសិទ្ធិបន្តទៀតនាំឱ្យមានការប្រឈមនឹងផ្លូវច្បាប់មានទោសទាន់ដល់ខ្លួន៕