(ភ្នំពេញ)៖ ក្រោយឃើញការលំបាករបស់ប្រជាពលរដ្ឋ ដែលបានដាំមៀន និងតាង៉ែន បានផលហើយ តែពិបាកក្នុងកាលក់ចេញ ហើយស្របជាមួយការអំពាវនាវរបស់រាជរដ្ឋាភិបាលឱ្យវិស័យឯកជនជួយទិញ ដើម្បីសម្រួលការលំបាករបស់ប្រជាកសិករដែលបានប្រកបរបដាំមៀន តាង៉ែននេះ ឃើញមានសប្បុរសជននៅតាមវិស័យឯកជនជាច្រើន បានចាប់ផ្តើមងាកទៅជួយទិញដើម្បីធ្វើសកម្មភាពមនុស្សធម៌។
ស្របគ្នាជាមួយការងារសប្បុរសធម៌នេះ ក្រុមហ៊ុនសហគ្រាសចិនមួយចំនួននៅកម្ពុជា បានរួមមតិគ្នាបង្កើតកម្មវិធីទិញ និងលក់តាង៉ែនខ្មែរពីប្រជាកសិករ ព្រមទាំងបានប្រើប្រាស់នូវ ប្រព័ន្ធផ្សព្វផ្សាយរបស់ចិន ដែលមានឈ្មោះថា អាស៊ីប៉ាស៊ីហ្វិកថាមស៍ ដើម្បីជួយផ្សព្វផ្សាយរកទីផ្សារ និងបង្កើនចំណូលជូនកសិករផងដែរ។
សប្បុរសជនទាំងនេះ បានមូលមតិគ្នាបង្កើតកម្មវិធីទិញ និងលក់តាង៉ែន ជាពិសេសមួយដោយទិញពីកសិករផ្ទាល់តាមតម្លៃទីផ្សារ ហើយលក់ចេញវិញក្នុងតម្លៃលក្ខណៈសប្បុរសធម៌ ធ្វើយ៉ាងណាឱ្យប្រជាកសិករ ដែលជាអ្នកលក់ទទួលបានប្រាក់ចំណូលសមរម្យ ហើយអ្នកទិញទទួលបានតាង៉ែន ក្នុងតម្លៃពិសេសដែលពុំធ្លាប់មាន ដែលកម្មវិធីពិសេសនេះមាននៅក្នុងកម្មវិធី E-Get S។
តំណាងសប្បុរសជនជនជាតិចិននេះ បានឱ្យដឹងភ្នាក់ងា Fresh News ដឹងនៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះថា ហេតុដែលក្រុមហ៊ុនសហគ្រាសចិនជាច្រើន បានសម្រេចចិត្តបង្កើតទីផ្សារផ្លែមៀនខ្មែរសម្រាប់កសិករ ក៏ព្រោះតែជនជាតិចិនមានការចាប់អារម្មណ៍ និងចូលចិត្តបរិភោគ បន្លែផ្លែឈើ ដែលជាកសិផលរបស់កម្ពុជាយ៉ាងខ្លាំង ប៉ុន្តែដោយសារខ្សែសង្វាក់ផលិតកម្ម និងទីផ្សារកសិកម្មកម្ពុជានៅមានកម្រិត ហេតុនេះធ្វើឱ្យជនជាតិចិន ពិបាកក្នុងការស្វែង រកកសិផលខ្មែរ ដែលប្រកបដោយគុណភាពនិងតម្លៃសមរម្យ។
ដូច្នេះការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយចិន និងក្រុមហ៊ុនសហគ្រាសចិន នៅកម្ពុជា គឺដើរតួនាទីជាស្ពានតភ្ជាប់កសិករនិងអតិថិជន ជាពិសេសបើកទីផ្សារកសិផលខ្មែរ សម្រាប់ជនជាតិចិននៅកម្ពុជា ដើម្បីចូលរួមជំរុញនិងអភិវឌ្ឍវិស័យកសិកម្មនិងលើកកម្ពស់កម្រិតជីវភាពកសិករកម្ពុជា។ អ្វីដែលកាន់តែពិសេសនោះចាប់ពីថ្ងៃនេះតទៅ រាល់ការកុម្ម៉ង់ទិញតាង៉ែនតាមរយៈ E-Get S គឺមានតម្លៃត្រឹមតែ ៨០០រៀល ក្នុង ១គីឡូក្រាមតែប៉ុណ្ណោះ៕