(អេហ្ស៊ីប)៖ យោងតាមមន្ត្រីនៃ Cyprus បានផ្ដល់ព័ត៌មានឲ្យដឹងថា ជនសង្ស័យពាក់ព័ន្ធនឹងករណីប្លន់យន្តហោះអេហ្ស៊ីប ត្រូវបានចាប់ខ្លួនហើយ នេះបើយោងតាមព័ត៌មានសារព័ត៌មាន Sky News ចេញផ្សាយមុននេះបន្ដិច។
មន្ត្រីជាន់ខ្ពស់នៃប្រទេស Cyprus បានបញ្ជាក់ថា ប្រតិបត្តិបង្ក្រាបករណីប្លន់យន្តហោះអេហ្ស៊ីប ត្រូវបានបញ្ចប់ ដោយក្នុងនោះពុំមានមនុស្សស្លាប់ និងរងរបួសឡើយ។
ប្រធានាធិបតីប្រទេស Cyprus លោក Nicos Anastasiades បានថ្លែងឲ្យដឹងថា ករណីប្លន់យន្តហោះអេហ្ស៊ីប មិនទាន់ពាក់ព័ន្ធនឹង «អំពើភេរវកម្ម» ឡើយ ពោលគឺអាចមានបញ្ហាផ្ទាល់ខ្លួន ហើយបើតាមប្រភពព័ត៌មានក្នុងស្រុកបានឲ្យដឹងថា អតីតភរិយារបស់ជនសង្ស័យគឺរស់នៅក្នុងប្រទេស Cyprus នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters ចេញផ្សាយ Update មុននេះបន្ដិច។
នៅមុននេះបន្ដិច មនុស្សយ៉ាងហោចណាស់៤នាក់ បានចាកចេញពីយន្តហោះ ដោយក្នុ្នងនោះមានអ្នកដំណើរ និងអ្នកបម្រើការងារនៅលើយន្តហោះ។
សារព័ត៌មានជាច្រើនបានចុះផ្សាយថា ជនសង្ស័យ ទាមទារឲ្យដោះលែងអ្នកទោស ដែលកំពុងជាប់ឃុំខ្លួននៅក្នុងប្រទេសអេហ្ស៊ីប ខណៈដែល ក្រសួងអាកាសចរណ៍អេហ្ស៊ីប បញ្ជាក់ថាមានឈ្មោះ Ibrahim Samaha ជាជនជាតិអេហ្ស៊ីប។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីប្លន់បានយន្តហោះ ជនសង្ស័យបានគំរាមឲ្យអ្នកបើកយន្តហោះ បញ្ជាយន្តហោះ ឲ្យចុះចតនៅប្រទេសដែនកោះមួយឈ្មោះ Cyprus ក្នុងព្រលានយន្តហោះ Larnaka Airport ដែលស្ថិតនៅភាគខាងជើងនៃប្រទេសអេហ្ស៊ីប និងក្បែរប្រទេសតួកគី និងស៊ីរី៕