(កំពង់ស្ពឺ)៖ ផ្លែមៀន ចំនួន៤តោន ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ ត្រូវបានផ្តល់ជូនដល់សាលានាយទាហានសកម្ម សម្រាប់បែងចែកបន្តដល់នាយទាហាន នាយទាហានរង ពលទាហាន និងនិស្សិត ដែលកំពុងសម្រាកព្យាបាល និងធ្វើចត្តាឡីស័ក។
ពិធីប្រគល់ និងទទួលត្រូវបានធ្វើឡើងក្រោមវត្តមានឧត្តមសេនីយ៍ឯក អ៊ុង សារិទ្ធ នាយសេនាធិការ និងជាមេបញ្ជាការរងកងអង្គរក្ស តំណាងនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចតេជោ និងជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ប៊ុតសុភាព ជំនួសមុខឱ្យថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង ពលទាហាន និងនិស្សិតសាលានាយទាហានសកម្ម បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានឧបត្ថម្ភផ្លែមៀននាឱកាសនេះ សបញ្ជាក់ពីការយកចិត្ដទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ចំពោះសុខទុក្ខកងទ័ព ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលកងយោធពលខេមរភូមិន្ទ បាននិងកំពុងចូលរួមអនុវត្តបទបញ្ជា វិធានការពារទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ១៩។
ឧត្តមសេនីយ៍ឯក ប៊ុត សុភាពក៏បានគោរពជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុ យឺនយូរ ដើម្បីបន្តដឹកនាំមាតុភូមិកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលសុខ និង ការអភិវឌ្ឍ កាន់តែរីកចម្រើនលើគ្រប់វិស័យ។
សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ប្រមូលទិញផ្លែមៀន របស់កសិករនៅតាមបណ្ដាខេត្ត ជាប់ព្រំដែន កម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហា ក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវី១៩។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ផ្លែមៀនដែលសម្តេចប្រមូលទិញ ពីកសិករដាំដុះនៅតាមខេត្តជាប់ព្រំដែនថៃ នឹងយកទៅចែកជូនកងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក៕