(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្ដបន្ទាយមានជ័យ បានចេញសេចក្ដីសម្រេចបន្ដអនុវត្ដវិធានការរដ្ឋបាលបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្រ្ដខេត្ដ រយៈពេល១សប្តាហ៍ គិតចាប់ពីថ្ងៃទី២៧ ខែសីហា រហូតដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី Delta។
បើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា៖ «ត្រូវបានបន្តដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដែលមានថិរវេលាអនុវត្ត រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ សំដៅទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ ដែលបណ្តាលមកពីមេរោគកូវីដ១៩ ប្រភេទ Delta»។
រដ្ឋបាលខេត្ដបន្ថែមទៀតថា ត្រូវបានបន្តផ្អាកជាបណ្ដោះអាសន្ននូវសកម្មភាពការធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវក្នុងភូមិសាស្ត្រទូទាំងខេត្ត ចាប់ពីម៉ោង២១យប់ ដល់ម៉ោង៣ព្រឹកជាកំហិត លើកលែងតែចំពោះករណីដូចខាងក្រោម៖
*ការធ្វើដំណើររបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ
*ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់
*ការដឹកជញ្ជូនទំនិញ និងគ្រឿងឧបភោគបរិភោគ
*ការដឹកជញ្ជូនទំនិញយុទ្ធសាស្ត្ររបស់រដ្ឋ
*សេវាសង្គ្រោះបន្ទាន់ និងសេវាសុខាភិបាលទាំងរដ្ឋ និងឯកជន, ឱសថស្ថាន, សេវាពន្លត់អគ្គិភ័យ, សេវាផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត, សេវាប្រតិបត្តិការផ្នែកទូរគមនាគមន៍, ទីតាំងផលិតគ្រឿងឧបភោគ បរិភោគ និងទំនិញយុទ្ធសាស្ត្រដែលបម្រើឱ្យការប្រយុទ្ធនឹងទប់ស្កាត់ជំងឺកូវីដ១៩, ទីតាំងផលិត និងផ្គត់ផ្គង់ឱសថ អាល់កុល អុកស៊ីហ្សែន និងសម្ភារៈបរិក្ខារវេជ្ជសាស្ត្រផ្សេងទៀត, ស្ថានីយ៍ប្រេង ឥន្ធនៈ, ហ្គាស, សេវាសណ្ឋាគារ និងផ្ទះសំណាក់, ការបំពេញកាតព្វកិច្ចដែលបម្រើផលប្រយោជន៍ សាធារណៈ និងករណីចាំបាច់ ឬសវាសាធារណៈចាំបាច់ដទៃទៀត។
* រាល់សកម្មភាពនៃការជួបជុំ ឬការប្រមូលផ្តុំមនុស្ស, សកម្មភាពការងារ មុខរបរ និងអាជីវកម្មដែល ត្រូវបានអនុញ្ញាតត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ច ពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល និងត្រូវប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បី សម្លាប់មេរោគ ការវាស់កម្ដៅ និងការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀត។
*ការធ្វើដំណើរចាំបាច់ផ្សេងៗទៀត ដែលមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច៕
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ដបន្ទាយមានជ័យ៖