(ភ្នំពេញ)៖ សមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ និងសមាគមខ្សែច្រវាក់ផ្គត់ផ្គង់អាស៉ី ប្រចាំប្រទេសសិង្ហបុរី បានរៀបចំកម្មវិធី ចុះអនុស្សារណៈយោគយល់គ្នា រវាងប្រទេសទាំង២ កម្ពុជា សិង្ហបុរី។ ពិធីចុះ MoU បានធ្វើឡើងនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។
លោក ជាចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ បានថ្លែងថា សមាគមពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានសមាគមខ្សែច្រវាក់ផ្គត់ផ្គង់អាស៉ី (SCA) ចុះកិច្ចប្រត្តិបត្តិការជាដៃគូ ដោយសមាគមទាំង២ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីវិស័យច្រវាក់ផ្គត់ផ្គង់ ដឹកជញ្ជូន និងបច្ចេវិទ្យា ដោយការរៀបចំកម្មវិធី ព្រឹត្តិការណ៍ ស្តីពី ឡូជីស្ទ៊ីក និងច្រវាក់ផ្គត់ផ្គង់ជាមួយ អ្នកវិនិយោគ សហគ្រិន និស្សិត និយោជិក និង និយោជក តាមប្រព័ន្ធអនឡាញ និងជួបដោយផ្ទាល់ ដើម្បីទំនាក់ទំនង និងបញ្ជ្រាបការយល់ដឹងឲ្យបានល្អប្រសើរ។
លោកបន្តថា «ហើយយើងក៏យល់ព្រមជួយសម្របសម្រួលលើបណ្តាញអាជីវកម្មដោយផ្ទាល់ ឬប្រព័ន្ទអនឡាញ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងពាណិជ្ជកម្មជាពិសេសប្រទេសសិង្ហបុរី ជាប្រទេសវិស័យបច្ចេកវិទ្យាជឿនលឿន និងសក្តានុពលកំពង់ផែឆ្លងកាត់ធំនៅក្នុងតំបន់អាស៉ីទៀតផង»។
លោកបានបន្ថែមទៀតថា ក្នុងកិច្ចអនុស្សរណៈនេះក៏ជំរុញឲ្យមាន ការបង្កើតឡើងសម្រាប់វិនិយោគិនក៏ដូចជាសមាជិករបស់យើងសម្រាប់ការអភិវឌ្ឍ អាជីវកម្ម ការកសាងសមត្ថភាពកម្មវិធីផ្លាស់ប្តូរ និង/ឬបណ្តាញអាជីវកម្ម លើវិស័យឡូជីស្ទ៊ីក វាចាំបាច់ក្នុងការដឹកជញ្ជូន ឃ្លាំងផ្ទុក និងដំណើរការឯកសារដឹកជញ្ជូន ដើម្បីទទួលបានសេវាកម្មរហ័សនិងការដឹកជញ្ជូនដល់អតិថិជន រួមទាំងជម្នះរាល់បញ្ហាប្រឈម ដែលត្រូវបានចាត់ទុកថាជាឧបសគ្គសម្រាប់សមាជិករបស់យើង ទាក់ទងនឹងការដឹកជញ្ជូន និង ខ្សែច្រវាក់ផ្គត់ផ្គង់ នាំចេញ នាំចូល។
បើទោះបីជាស្ថានភាពនៃជំងឺកូវីតនៅតែបន្តបំផ្លិចបំផ្លាញសេដ្ឋកិច្ចពិភពលោកយ៉ាងណាក្តី ប្រទេសកម្ពុជា គឺជាប្រទេសកំពុងអភិវឌ្ឍន៍ដែលតម្រូវការនាំចូល ដូចជាសម្ភារៈសំណង់ដូចជា វត្ថុធាតុដើម គ្រឿងបន្សំសំលៀកបំពាក់ ស្បែកជើង គ្រឿងឧបភោគបរិភោគ និងផលិតផលចាំបាច់ជាច្រើនមួយចំនួន សម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់ដើម្បីផលិតការនាំចេញនិងលក់ក្នុងស្រុក។
ក្នុងនោះប្រទេសកម្ពុជា មានផលិតផលចម្រុះ និងព្យាយាមពង្រឹងខ្លួនឯង ដើម្បីបង្កើនការនាំចេញជាពិសេសផលិតផលកសិកម្ម ខណៈដែលរដ្ឋាភិបាលកម្ពុជាគាំទ្រយ៉ាងខ្លាំង។ សមាគមក៏សង្ឃឹមថា ស្ថានភាពសេដ្ឋកិច្ចពិភពលោក នឹងប្រសើរឡើង បន្ទាប់ពីប្រជាជនទាំងអស់បានទទួលថ្នាំបង្ការ ហើយក៏ដើម្បីទទួលបានពាណិជ្ជកម្ម និងអាជីវកម្មបន្ថែមទៀត សម្រាប់ទាំង២ភាគឺ គឺកម្ពុជានិងសិង្ហបុរី៕