(អេហ្ស៊ីប)៖ យោងតាមសារព័ត៌មាន Sky News ចេញផ្សាយ Update នៅមុននេះបន្ដិចបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៤នាក់ថ្មីទៀត បានចាកចេញពីយន្តហោះអេហ្ស៊ីប ដោយក្នុងចំណោមមនុស្សទាំង ៤នាក់នោះ មានម្នាក់រត់ចេញតាមបង្អួចយន្តហោះ(កន្លែងអ្នកបើកបរ)។ ប៉ុន្មាននាទីមុននេះ សារព័ត៌មានក្នុងស្រុកបានចេញផ្សាយថា មានមនុស្ស ៧នាក់ ស្ថិតនៅលើយន្តហោះ ក្នុងនោះមាន៣នាក់ជាអ្នកដំណើរ។
មុននេះបន្ដិច Sky News ក៏បានផ្សាយថា ជនសង្ស័យ ទាមទារឲ្យដោះលែងអ្នកទោស ដែលកំពុងជាប់ឃុំខ្លួននៅក្នុងប្រទេសអេហ្ស៊ីប ខណៈដែល ក្រសួងអាកាសចរណ៍អេហ្ស៊ីប បញ្ជាក់ថាមានឈ្មោះ Ibrahim Samaha ជាជនជាតិអេហ្ស៊ីប។
ប្រធានាធិបតីប្រទេស Cyprus លោក Nicos Anastasiades បានថ្លែងឲ្យដឹងថា ករណីប្លន់យន្តហោះអេហ្ស៊ីប មិនទាន់ពាក់ព័ន្ធនឹង «អំពើភេរវកម្ម» ឡើយ ពោលគឺអាចមានបញ្ហាផ្ទាល់ខ្លួន ហើយបើតាមប្រភពព័ត៌មានក្នុងស្រុកបានឲ្យដឹងថា អតីតភរិយារបស់ជនសង្ស័យគឺរស់នៅក្នុងប្រទេស Cyprus នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters ចេញផ្សាយ Update មុននេះបន្ដិច៕