(ភ្នំពេញ)៖ និយ័តករគណនេយ្យនិងសវនកម្ម នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានសហការជាមួយ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ «កាតព្វកិច្ចគណនេយ្យនិងសវនកម្ម» និង «បច្ចុប្បន្នភាព នៃច្បាប់សារពើពន្ធ» សម្រាប់សហគ្រាស តាមប្រព័ន្ធអនឡាញ។
សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោក ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យ និងសវនកម្ម ព្រមទាំងមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំ និងមន្ត្រីរបស់និយ័តករគណនេយ្យនិងសវនកម្ម និង លោក ម៉ា បូរ៉ា តំណាងអគ្គនាយកដ្ឋានពន្ធដារ និងសិក្ខាកាមចូលរួមប្រមាណ ៨៥០នាក់។
លោក ប៊ូ ថារិន បានលើកឡើងអំពីសារៈសំខាន់ និងសារៈប្រយោជន៍ នៃសិក្ខាសាលាសម្រាប់សហគ្រាស និងបានគូសបញ្ជាក់អំពីកាតព្វកិច្ចនានា ដែលសហគ្រាសត្រូវអនុវត្ត ស្របតាមច្បាប់និងបទប្បញ្ញត្តិ ជាធរមានពាក់ព័ន្ធនឹងវិស័យគណនេយ្យនិងសវនកម្ម និងស្របតាមច្បាប់និងបទប្បញ្ញត្តិសារពើពន្ធ។
លោកបានសង្កត់ធ្ងន់ថា សហគ្រាសត្រូវ អនុវត្តកាតព្វកិច្ចជាសារវន្តចំនួន៣ គឺ ១៖ ការកាន់បញ្ជីគណនេយ្យ, ២៖ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ស្របតាមស្តង់ដាជាធរមាន និង ៣៖ ការដាក់របាយការណ៍ហិរញ្ញវត្ថុ ឲ្យរងសវនកម្មឯករាជ្យ តាមលក្ខខណ្ឌកំណត់ដោយច្បាប់។
លោកក៏បានគូសបញ្ជាក់ផងដែរថា សហគ្រាសគ្រប់ប្រភេទ គ្រប់ទំហំ និងគ្រប់វិស័យអាជីវកម្ម ព្រមទាំងអង្កភាពមិនស្វែងរកប្រាក់ចំណេញ មានកាតព្វកិច្ចកាន់បញ្ជី គណនេយ្យឲ្យបានត្រឹមត្រូវ ហើយត្រូវរៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមតាមស្តង់ដាគណនេយ្យ ដែលបានដាក់ឲ្យអនុវត្តដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សហគ្រាសទាំងអស់ ដែលបានអនុវត្តកាតព្វកិច្ចទាំងនេះ បានត្រឹមត្រូវនឹងទទួលបានសារៈប្រយោជន៍យ៉ាងច្រើន រួមមានជាអាទិ៍ តម្លាភាពនៃការគ្រប់គ្រង ធនធានហិរញ្ញវត្ថុ, ភាពងាយស្រួលក្នុងការទទួលបានឥណទាន ពីធនាគារឬស្ថាប័នហិរញ្ញវត្ថុ, ការបង្កើនដើមទុនតាមរយៈទីផ្សារមូលធន, ការស្វែងរកដៃគូវិនិយោគ ពីបរទេស និងការជៀសផុតពីការពិន័យពីស្ថាប័នមានសមត្ថកិច្ច ជាដើម -ល-។
បន្ទាប់ពីមតិបើករបស់លោកអគ្គនាយកមក មន្ត្រីបច្ចេកទេសនៃនិយ័តករគណនេយ្យ និងសវនកម្ម បានធ្វើបទបង្ហាញដោយលើពីទិដ្ឋភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងបន្ទាប់មកលោក ខេស៊ី បាណេត ទីប្រឹក្សាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានធ្វើបទបង្ហាញពីគំរូរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់សហគ្រាសតាមស្តង់ដារបាយការណ៍ហិរញ្ញវត្ថុ (CIFRS for SMEs) ក្នុងនោះផងដែរ លោក ម៉ា បួរ៉ា តំណាងអគ្គនាយកដ្ឋានពន្ធដារ បានធ្វើបទបង្ហាញស្តីពីបច្ចប្បន្នភាពនៃបទប្បញ្ញតិ្តស្តីពីពន្ធដារសំខាន់ៗ ទាក់ទិននឹងបញ្ជិការគណនេយ្យ។
លោកអគ្គនាយក ក៏បានផ្តាំផ្ញើសមាជិក សមាជិកាអង្គសិក្ខាសាលា សូមយកចិត្តទុកដាក់ស្តាប់វាគ្មិន និងយកពុទ្ធិថ្មីដើម្បីប្រតិបត្តិនៅក្នុងអាជីវកម្ម ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន៕