(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តន៍ ឱ្យបានខ្ជាប់ខ្ជួននូវវិធានការនូវវិធានការ ៣ការពារ និង៣កុំ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងសូមកុំមានការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន ដើម្បីចូលរួមទប់ស្កាត់ នឹងកាត់ផ្ដាច់ឱ្យបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
លោកបន្ថែមថា រដ្ឋបាលរាជធានីភ្នំពេញ បានបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ បន្ថែមទៀតហើយ។
លោក ថេង សុថុល បានលើកឡើងបែបនេះក្នុងពិធីចែកអំណោយមនុស្សធម៌របស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈអនុសាខាកាកបាទក្រហមខណ្ឌចំការមន ជូនប្រជាពលរដ្ឋខ្វះខាតសរុប ២៥គ្រួសារ ដែលរស់នៅក្នុងសង្កាត់បឹងត្របែក នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ដោយមានការចូលរួមពីលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន លោក លោកស្រីជាអភិបាលរង មន្ត្រីនៃរដ្ឋបាលខណ្ឌ-សង្កាត់ផងដែរ។
លោក ថេង សុថុល ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ ជូនចំពោះប្រជាពលរដ្ឋដែលសម្ដេច តែងបានគិតគូរខ្ពស់ ដោយបានចាត់ឱ្យមន្ត្រីក្នុងមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយក អំណោយមកចែកជូននាជាបន្តបន្ទាប់ ដែលជាសក្ខីភាពមួយបញ្ជាក់ ឲ្យឃើញបេះដូងសប្បុរសធម៌ និងសេចក្តីស្រលាញ់ ចេះចែករំលែកជួយសង្គ្រោះដោយមិនប្រកាន់ ពណ៌សប្បុរ ឬសាសនា និងនិន្នាការ នយោបាយណាមួយឡើយ ពោលគឺធ្វើឡើងដោយទឹកចិត្តអាណិតស្រាលាញ់ និងស្របតាមពាក្យថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាជានិច្ច ។
លោកអភិបាលខណ្ឌ ក៏បានសំណូមពរឲ្យចៅសង្កាត់ ក្នុងមូលដ្ឋានខណ្ឌ ត្រូវតែបម្រើសេវាកម្មលើលិខិតស្នាមរដ្ឋបាលជូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ ព្រោះមន្ត្រីមិនមែន ជាចៅហ្វាយនាយ ប្រជាពលរដ្ឋនោះទេ ប្រសិនបើប្រជាពលរដ្ឋត្រូវការបំពេញឯកសារ ឬលិខិតស្នាមផ្សេងៗ បើមករកមន្ត្រីខណ្ឌ-សង្កាត់ ហើយទទួលបានការប្រើសំដី ឬអាកប្បកិរិយាមិនសមរម្យ សូមប្រជាពលរដ្ឋរាយការណ៍មកលោកភ្លាម ដើម្បីលោកមានវិធានការរដ្ឋបាលចំពោះមន្ត្រីនោះ។
សូមបញ្ជាក់ថា អំណោយដែលចែកជូនប្រជាពលរដ្ឋ នាពេលនេះ ក្នុង១គ្រួសារ ទទួលបាន៖ អង្ករ, មី, ទឹកស៊ីអ៊ីវ, ទឹកត្រី, ម៉ាស និងថវិកាមួយចំនួន៕