(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ដោយចាប់ខ្លួនជនសង្ស័យម្នាក់ រឹបអូសគ្រឿងញៀនជាង២គីឡូក្រាម នៅរាជធានីភ្នំពេញ។
នគរបាលមន្ទីរប្រឆាំងគ្រឿងញៀនបានឲ្យដឹងនៅថ្ងៃទី២៦ ខែសីហានេះថា ការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) ដឹកនាំដោយលោកវរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរប្រឆាំងគ្រឿងញៀន មានការចូលរួមពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងសម្របសម្រួលដោយ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវបង្រ្កាប នៅចំណុចភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ការបង្ក្រាបអនុវត្តតាមបញ្ជានាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
លទ្ធផលនៃការបង្ក្រាបសមត្ថកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យឈ្មោះ មិល ពៅ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ និងរឹបអូសបានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធជាង២គីឡូក្រាម។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ តាមចាត់ការបន្តនីតិវិធី៕