(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានបន្តបិទខ្ទប់ភូមិសាស្ត្រដែលមានការឆ្លងរីករាលដាលជំងឺកូវីដ១៩ ជាបណ្ដោះអាសន្នរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ខែសីហា រហូតដល់ថ្ងៃទី៧ ខែកញ្ញា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រ ឃុំកំពង់ឃ្លាំង ឃុំកៀនសង្កែ ឃុំដានរុន ស្រុកសូនិគមខេត្ត ជាតំបន់លឿងទុំ។
យោងតាមលិខិតរបស់រដ្ឋបាលខេត្តសៀមរាបចេញនៅថ្ងៃទី២៥ ខែសីហា បានឲ្យដឹងថា ក្នុងអំឡុងពេលនៃការអនុវត្តបិទខ្ទប់ វិធានការដែលត្រូវអនុវត្តសម្រាប់ភូមិសាស្ត្រដែលបានកំណត់ជា តំបន់រឿងទុំ បុគ្គលគ្រប់រូបត្រូវហាមឃាត់មិនឲ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួន ប៉ុន្តែការធ្វើដំណើរចេញទៅក្រៅពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន អាចត្រូវបានអនុញ្ញាតក្នុងករណីចាំបាច់ ដូចជា ការធ្វើដំណើរទៅប្រកបមុខរបរ ឬអាជីវកម្ម ឬបំពេញការងារក្នុងវិស័យឯកជន ដោយត្រូវមានលិខិតអនុញ្ញាតពីរដ្ឋបាលស្រុក អមដោយឯកសារបញ្ជាក់អត្តសញ្ញាណ និងលិខិតបញ្ជាក់ការងារ ដាក់អាចបញ្ជាក់ច្បាស់លាស់ពីឈ្មោះ មុខងារ និងប្រភេទនៃអាជីវកម្មចេញដោយកន្លែងអាជីវកម្មពាក់ព័ន្ធ។
ក្នុងលិខិតនោះបានបញ្ជាក់បន្ថែមទៀតថា ការធ្វើដំណើរទៅកាន់កន្លែងលក់គ្រឿងម្ហូបអាហារ ឬកន្លែងលក់គ្រឿងឧបភោគបរិភោគ ឱសថស្ថាន នឹងកន្លែងលក់គ្រឿងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដែលអនុញ្ញាតឲ្យបើកដំណើរការដោយអាជ្ញាធរមានសមត្ថកិច្ច ។ ការធ្វើដំណើរការបែបនេះអាចធ្វើទៅបានក្នុងសមាជិក២នាក់ ក្នុង១លំនៅដ្ឋាន ឬទីសំណាក់ ដោយមិនឱ្យលើសពី៣ដងក្នុងមួយសប្តាហ៍ និងស្ថិតនៅទីតាំងជិតបំផុតដែលខ្លួនរស់នៅ ដោយយកតាមខ្លួនមកនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប័ណ្ណសំគាល់ខ្លួន ។ ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ ចេញក្រៅ ឬចូលក្នុង (តំបន់រឿងទុំ) ជាតំបន់ដែលត្រូវបិទខ្ទប់ អាចធ្វើទៅបានដោយមានការអនុញ្ញាត្តពីអាជ្ញាធរសមត្ថកិច្ចដែលអនុវត្តវិធានការបិទខ្ទប់ ដោយកំណត់ចំនួនមនុស្សមិនអោយលើសពី ៤ នាក់ សម្រាប់ករណីនីមួយៗ ដោយត្រូវអនុវត្តដូចខាងលើ ក្នុងកាតព្វកិច្ចទាក់ទងទៅនឹងវិធានការសុវត្ថិភាពផ្នែកសុខាភិបាល។
បន្ថែមពីនេះ ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងតំបន់លឿងទុំ ដើម្បីទៅជួបមន្ត្រីសុខាភិបាលធ្វើការយកសំណាករកមេរោគកូវីដ១៩ ការធ្វើដំណើរទៅចាក់វ៉ាក់សាំង នៅទីតាំងជិតនឹង តំបន់រឿងទុំ តាមការកំណត់ និងមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
សូមបញ្ជាក់ថា អាជ្ញាធរខេត្តសៀមរាប បានសម្រេចនិរាករណ៍នូវសេចក្ដីជូនដំណឹង ស្ដីពីការកំណត់ ជាតំបន់ក្រហម នៅក្នុងភូមិសាស្រ្ដ ឃុំកំពង់ឃ្លាំង និងតំបន់លឿងទុំ នៅក្នុងឃុំកៀនសង្កែ ឃុំដានរុន ស្រុកសូទ្រនិគម ដែលបានដាក់ចេញ នៅថ្ងៃទី២៩ ខែ កក្កដា កន្លងទៅផងដែរ។ ការបន្តដាក់តំបន់ទាំងនេះ ជាតំបន់ប្រឈមករណីឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងន័យឱ្យប្រាកដថា លែងមានហានិភ័យសម្រាប់ការឆ្លងជាសហគមន៍តទៅមុខទៀត៕