(ភ្នំពេញ)៖ សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា (CCMA) នៅល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំមួយ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដើម្បីជួបសំណេះសំណាលរវាង ប្រធានក្រុមប្រឹក្សាភិបាលថ្មី ជាមួយនឹងសមាជិកនានា ហើយក៏ដើម្បីរៀបចំយុទ្ធសាស្រ្តចូលរួមជំរុញវិស័យសំណង់ និងលើកកម្ពស់បរិស្ថានកម្ពុជាផងដែរ។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតិភាព លោក Ratchayut Kasemchaisiri ជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ដោយមានការចូលរួមពីសមាជិកចំនួន៥ក្រុមហ៊ុន ក្នុងនោះមាន៖ ១៖ ក្រុមហ៊ុនកំពត ស៊ីមេន (Kampot cement co.,Ltd), ២៖ ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (Chip Mong Insee Cement Corporation), ៣៖ ក្រុមហ៊ុនស៊ីម៉ង់ត៍ ចក្រីទីង (Cambodia Cement Chakrey Ting Factory Co., Ltd) ៤៖ ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន (Battambang Conch Cement Company Limited) និង ៥៖ ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត (Thai Boom Roong Cement Co.,Ltd)ផងដែរ។
លោក ពុត ចន្តារិទ្ធ អគ្គលេខាធិការ នៃសមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា (CCMA) បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ ប្រធានក្រុមប្រឹក្សាភិបាលថ្មី លោក Ratchayut Kasemchaisiri ដែលឡើងកាន់តំណែងបន្តពី អ្នកឧកញ៉ា លាង ម៉េង បានសំណេះសំណាល និងដាក់ចេញយុទ្ធសាស្រ្តមួយចំនួន ក្នុងគោលដៅបង្កើនផលិតភាព សម្រាប់ឧស្សាហកម្មស៊ីម៉ងតិ៍នៅកម្ពុជា។
លោកបានបន្ថែមថា នៅក្នុងកិច្ចប្រជុំនេះ ប្រធានក្រុមប្រឹក្សាភិបាល និងសមាជិកផ្សេងៗ ក៏បានរៀបចំយុទ្ធសាស្រ្តក្នុងខិតខំជំរុញការអភិវឌ្ឍវិស័យសំណង់ និងសេដ្ឋកិច្ចកម្ពុជា ព្រមទាំងប្តេជ្ញាចូលរួមលើកកម្ពស់វិស័យបរិស្ថាន និងកាត់បន្ថយបន្ថយផលប៉ះពាល់ផ្សេងៗ ផងដែរ។
លោកបានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានខិតខំយ៉ាងសកម្ម ក្នុងការបង្ការ និងទប់ស្កាត់កូវីដ១៩ និងគិតគូរជួយដល់វិស័យឯកជន នៅក្នុងស្ថានភាពលំបាកនៃការរីករាលដាលជំងឺកូវីដ១៩ កន្លងមក ដែលជាកត្តាមួយចូលរួមចំណែកជួយដល់ឧស្សាហកម្មស៊ីម៉ងត៍កម្ពុជារីកចម្រើននាពេលនេះ។
លោក Ratchayut Kasemchaisiri ត្រូវបានឡើងកាន់តំណែងជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា បន្ទាប់ពី អ្នកឧកញ៉ា លាង ម៉េង អតីតប្រធានក្រុមប្រឹក្សាភិបាល បានផុតអាណត្តិ ក្រោយកាន់តំណែងរយៈពេល៣ឆ្នាំកន្លងមក៕