(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ។
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះបានបញ្ជាក់ថា យោងតាមសេចក្តីប្រកាស របស់រាជរដ្ឋាភិបាល ស្តីពីគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដុសជំរុញ, ក្រសួងសុខាភិបាលសូមធ្វើការណែនាំ
ជូនដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបអំពីប្រភេទវ៉ាក់សាំងកូវីដ-១៩ ដែលអាចប្រើសម្រាប់ចាក់ជាដូសជំរុញ និងគម្លាតរយៈពេលសម្រាប់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនេះដូចខាងក្រោម៖
១៖ សម្រាប់មន្ត្រីបម្រើការជួរមុខ, មនុស្សចាស់ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង និងអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ, ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ គួរធ្វើឡើងនៅចន្លោះខែទី៤ និងខែទី៦បន្ទាប់ពីទទួលការចាក់វ៉ាក់សាំងមូលដ្ឋានបានគ្រប់ដូស។ ដោយឡែក សម្រាប់ប្រជាជនទូទៅផ្សេងទៀត
ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ គួរធ្វើឡើងនៅចន្លោះខែទី៦ និងខែទី៨ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំងមូលដ្ឋានបានគ្រប់ដូស។
២៖ ចំពោះការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនេះ, ទោះបីប្រើប្រាស់វ៉ាក់សាំងប្រភេទដូចគ្នា ឬវ៉ាក់សាំងប្រភេទខុសគ្នាក៏ដោយ មិនបង្កឱ្យមានផលរំខានច្រើន លើសពីផលរំខានដែលបង្កឡើងដោយវ៉ាក់សាំងនីមួយៗជាធម្មតានោះទេ ប៉ុន្តែការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនេះ ថែមទាំងអាចបង្កើនបាននូវប្រព័ន្ធការពារ រាងកាយកាន់តែរឹងមាំក្នុងការទប់ទល់នឹងមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) និងប្រភេទបំប្លែងខ្លួនថ្មី ផ្សេងទៀត។
៣៖ ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងប្រភេទ Inactivated Virus ដូចជាវ៉ាក់សាំង Sinopharm ឬ Sinovac ជាវ៉ាក់សាំងមូលដ្ឋានចំនួន២ ដូសរួចហើយ អាចចាក់វ៉ាក់សាំងប្រភេទ Inactivated Virus ដូចគ្នាជា Sinopharm ឬ Sinovac ជាដូសជំរុញក៏បាន ឬអាចចាក់វ៉ាក់សាំងប្រភេទផ្សេងគ្នា ដូចជាវ៉ាក់សាំងប្រភេទ Viral Vector (វ៉ាក់សាំង AstraZeneca) ឬវ៉ាក់សាំងប្រភេទ mRNA (វ៉ាក់សាំង Pfizer ឬ Moderna) ជាដូសជំរុញក៏បាន។
៤៖ ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងប្រភេទ Viral Vector ដូចជាវ៉ាក់សាំង AstraZeneca ឬ Johnson & Johnson ជាវ៉ាក់សាំងមូលដ្ឋានបានគ្រប់ដូសរួចហើយ អាចចាក់វ៉ាក់សាំងប្រភេទ Viral Vector ដូចគ្នា ដូចជាវ៉ាក់សាំង AstraZeneca ឬ Johnson & Johnson ជាដូសជំរុញក៏បាន ឬអាចចាក់វ៉ាក់សាំងប្រភេទ mRNA ដូចជាវ៉ាក់សាំង Pfizer ឬ Moderna ជាដូសជំរុញក៏បាន។
ដោយឡែក, ចំពោះការចាក់វ៉ាក់សាំងប្រភេទ Inactivated Virus ដូចជាវ៉ាក់សាំង Sinopharm ឬ Sinovac ជាដូសជំរុញសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងប្រភេទ Viral Vector ដូចជាវ៉ាក់សាំង AstraZeneca ឬ Johnson & Johnson ជាវ៉ាក់សាំងមូលដ្ឋានបានគ្រប់ដូសរួចហើយ, ក្រុមការងារសិក្សាស្រាវជ្រាវនៃក្រសួងសុខាភិបាល នឹងសិក្សាបន្ថែម ហើយក្រសួងនឹង ជូនដំណឹងដល់សាធារណជនអំពីលទ្ធផលនៃការសិក្សានេះ នៅពេលក្រោយ៕