(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកថវិកាមកឧបត្ថម្ភចូលរួមរំលែកមរណៈទុក្ខដល់លោកស្រី ជា ស៊ីនួន និងក្រុមគ្រួសាររបស់លោអនុសេនីយ៍ឯក ជា សុគន្ធ នាយរងប៉ុស្ដិ៍សង្កាត់ទួលសង្កែទី២ ដែលបានទទួលមរណភាពដោយរោគាពាធ។
នេះបើតាមលោកអនុសេនីយ៍ឯក ឃីន ចាន់ណា នាយផ្នែកសេនាធិការ និងជាជំនួយការរបស់លោកអធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ បន្ទាប់លោកអធិការខណ្ឌរូបនេះ ទទួលបានការអនុញាតឱ្យធ្វើជាតំណាងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភជាថវិកា ចំនួន ២,០០០,០០០រៀល។
លោកអនុសេនីយ៍ឯក ឃីន ចាន់ណា បានបញ្ជាក់ទៀតថា សកម្មភាពសមធម៌ របស់នាយឧត្តមសេនីយ៍ នេត សាវឿន និងឧត្តមសេនីយ៍ឯក ស ថេត រួមនឹងអធិការនគរបាលខណ្ឌឫស្សីកែវ ព្រមទាំងមន្ត្រីក្រោមឱវាទ បានរៀបចំធ្វើឡើង ស្ថិតនៅផ្ទះលេខ ៧៤RZ ផ្លូវលំ ក្រុមទី២ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។
នាឱកាសនេះ លោកវរសេនីយ៍ឯក ហ៊ាង ថារេត បានផ្ដាំផ្ញើប្រសាសន៍របស់នាយឧត្តមសេនីយ៍ នេត សាវឿន និងឧត្តមសេនីយ៍ឯក ស ថេត ជូនដល់លោកស្រី ជា ស៊ីនួន ដែលជាភរិយារបស់លោអនុសេនីយ៍ឯក ជា សុគន្ធ នាយរងប៉ុស្ដិ៍សង្កាត់ទួលសង្កែទី២ ដែលបានទទួលមរណៈភាពដោយរោគគាពាធ អំពីការយកចិត្តទុកដាក់ ថែនាំសុខភាពឲ្យបានល្អប្រសើរ ដើម្បីជាការលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តផងដែរ។
ជាមួយគ្នានេះ លោកស្រី ជា ស៊ីនួន តំណាងឱ្យក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះនាយឧត្តមសេនីយ៍ នេត សាវឿន និងសេនីយ៍ឯក ស ថេត តាមរយៈលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត ដែលតែងតែយកចិត្តទុកដាក់ជានិច្ច ចំពោះមន្ត្រីក្រោមឱវាទទាំងអស់ ដែលបាននឹងកំពុងជួបបញ្ហាផ្សេងៗ ក៏ដូចជាមានជំងឺជាដើមយោងទៅតាមស្ថានភាពជាក់ស្ដែង។
សូមជម្រាបថា លោកអនុសេនីយ៍ឯក ជា សុគន្ធ អាយុ៥១ឆ្នាំ អត្តលេខ ២៨០៣០ ឋានៈ នាយរងប៉ុស្តិ៍សង្កាត់ទួលសង្កែទី២ បានទទួលមរណភាពដោយរោគាពាធ នាវេលាម៉ោង០២៖៤០នាទីទៀបភ្លឺ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ និងមានភរិយាឈ្មោះ ជា ស៊ីនួន អាយុ៤២ឆ្នាំ មុខរបរនៅផ្ទះ ហើយនិងមានកូនប្រុសក្នុងបន្ទុក២នាក់ទៀតជាសិស្ស ដោយកូនទី១-ឈ្មោះ គន្ធ ភ័ក្ត្រា អាយុ១៦ឆ្នាំ និងកូនទី២-ឈ្មោះ គន្ធ សុខគីម អាយុ៧ឆ្នាំ៕