(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំទេយ្យវត្ថុសម្រាប់ប្រគេនថ្វាយ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃនាយក និងប្រគេនសម្តេចព្រះសង្ឃ-ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅតាមវត្តចំនួន៨ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។
កម្មវិធីនេះបានប្រព្រឹត្តទៅពេញមួយថ្ងៃ ដោយព្រឹកថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ ក្រោមវត្តមាន លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំគណៈប្រតិភូ ចូលក្រាបបង្គំគាល់ និងនាំយកទេយ្យវត្ថុប្រគេនថ្វាយ សម្ដេចព្រះមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃគណៈមហានិកាយ គង់នៅវត្តឧណ្ណាលោម និងប្រគេនថ្វាយ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ គង់នៅវត្តបទុមវតីរាជវរារាម (ធម្មយុត្តិកនិកាយ)។
នៅពេលរសៀលថ្ងៃដដែល គណៈប្រតិភូដែលដឹកនាំដោយ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យវត្ថុប្រគេនថ្វាយ-ប្រគេន សម្តេចព្រះសង្ឃ ព្រះសង្ឃ គង់នៅវត្ដចំនួន៣ទៀត ក្នុងនោះវេរថ្វាយ-ប្រគេនសម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃ នាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការវត្ត បុទុមវតីរាជវរារាម គណៈមហានិកាយ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ, ប្រគេនសម្តេចព្រះពោធិ៍វង្សកិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី១នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការវត្ត មុនីសុវណ្ណ ហៅវត្តចំពុះក្អែក ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ, ប្រគេនព្រះឃោសធម្ម លន់ សុគន្ធា ព្រះអនុគុណស្រុកខ្សាច់កណ្តាល និងជាព្រះចៅអធិការវត្ត ស្វាយជ្រុំ ស្ថិតនៅឃុំស្វាយជ្រុំ ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល។
សម្រាប់គណៈប្រតិភូ ដែលដឹកនាំដោយលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យវត្ថុប្រគេនសម្តេចព្រះសង្ឃ ព្រះសង្ឃគង់នៅវត្តលង្កាព្រះកុសុមារាម, វត្តទួលទំពូង នៅរាជធានីភ្នំពេញ និងវត្តប្រជុំនទី (ហៅវត្តក្រពើហា) នៅខេត្តកណ្តាល។
ចំពោះទេយ្យវត្ថុប្រគេនវត្តនីមួយៗរួមមាន៖ អង្ករ២តោន, មី៣០កេស, ត្រីខ៣កេស, ស្ករស២៥គីឡូក្រាម, តែ៥គីឡូក្រាម, ទឹកដោះគោខាប់១កេស, កាហ្វេកញ្ចប់១០កញ្ចប់ធំ, អូវ៉ាន់ទីន២កេស, ទឹកក្រូច៥កេស, ទឹកផ្លែឈើ៥ កេស, ទឹកបរិសុទ្ធ១០កេស និងបច្ច័យចំនួន ១០,០០០,០០០រៀល (ដប់លានរៀល)។
ឱកាសនោះ ប្រគេនថ្វាយ-ប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក ព្រះចៅអធិការវត្ត ១អង្គៗនូវសាដក១ និងបច្ច័យ១លានរៀល។ ប្រគេនព្រះសង្ឃ៦អង្គ នៅតាមវត្តនីមួយៗក្នុង១អង្គ ទទួលបានសាដក១ និងបច្ច័យ២០ម៉ឺនរៀល។
ជាមួយគ្នានោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានសទ្ធាជ្រះថ្លា ប្រគេនថ្វាយនូវទេយ្យវត្ថុផ្ទាល់ខ្លួន ចំពោះសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ និងសម្តេចព្រះសង្ឃនាយក ក្នុង១អង្គ ទឹកច្រតៀកកាំ១កន្ត្រក, ភេសជ្ជៈ Ensure ១កន្ត្រក, ផ្លែក្រូចខ្វិច ១កន្ត្រក ,ទឹកប៉ោម ២កេស, ត្រីងៀត ១កន្ត្រក និងបច្ច័យមួយចំនួនផងដែរ។ ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានវេរបច្ច័យផ្ទាល់របស់សម្តេច មួយចំនួនទៀតប្រគេន សម្តេចព្រះពោធិ៍វង្ស កិត្តិបណ្ឌិត អំ លឹមហេង, សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល និងសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ផងដែរ។
គួររម្លឹកថា តាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនា ព្រះសង្ឃទាំងឡាយគ្រប់អារាមនៅកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែ ចាប់តាំងពីថ្ងៃ ១រោចខែអាសាធតទៅ ដើម្បីសិក្សារៀនសូត្រព្រះធម៌។ ការចូលវស្សាជារៀងរាល់ឆ្នាំ គឺប្រារព្ធធ្វើឡើងនៅក្នុងអំឡុងខែវស្សាជារដូវភ្លៀង ដែលប្រជាពលរដ្ឋ ក៏ដូចជាព្រះសង្ឃលំបាកក្នុងការធ្វើដំណើរ និងនិមន្តពីកន្លែងមួយទៅកន្លែងមួយ ហើយក៏ជាពេលវេលាដែលភិក្ខុសង្ឃទាំងឡាយ ត្រូវប្រតិបត្តិសិក្សាពីធម៌ វិន័យយ៉ាងខ្ជាប់ខ្ជួនផងដែរ។
ពិធីបុណ្យចូលព្រះវស្សា សម្រាប់ឆ្នាំឆ្លូវ ត្រីស័កពុទ្ធសករាជ២៥៦៥នេះ បានដំណើការអស់រយៈពេលជាង១ខែហើយ គិតដល់ពេលនេះ។ ពុទ្ធបរិស័ទខ្មែរគ្រប់រូប ទោះបីស្ថានភាពបច្ចុប្បន្ន បាននិងកំពុងយាយីដោយជំងឺកូវីដ១៩ក្តី តែទឹកចិត្តជ្រះថ្លា ចំពោះព្រះពុទ្ធសាសនា នៅតែមានជាដរាប ហើយក្នុងបរិបទនៃការរស់ធម្មតា តាមបែបគន្លងថ្មីនេះ ដោយប្រកាន់ខ្ជាប់នូវ វិធានការ ៣ការពារ និង៣កុំ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានចាត់គណៈប្រតិភូកាកបាទក្រហមកម្ពុជាតំណាងសម្តេច នាំយកទេយ្យវត្ថុ និងបច្ច័យ ជាសទ្ធាជ្រះថ្លាផ្ទាល់របស់សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងរបស់កាកបាទក្រហមកម្ពុជា ទៅវេរថ្វាយ-ប្រគេនព្រះសង្ឃ នៅតាមទីវត្ដអារាម ចាប់តាំងពីមុនថ្ងៃចូលវស្សាមួយថ្ងៃ និងនៅថ្ងៃនេះចំនួន៨ទៀត នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល៕