(ភ្នំពេញ)៖ មហាឧបាសិកា សុ គម ដែលត្រូវជាភរិយាលោក ជា សុទ្ធ អតីតសមាជិកគណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានទទួលមរណភាព នៅវេលាម៉ោង០២៖២១នាទីរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ៧៥ឆ្នាំ ដោយរោគាពាធ។
ក្នុងសេចក្ដីជូនដំណឹងរបស់គណបក្សប្រជាជនកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា សពមហាឧបាសិកា សុ គម តម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ នៅគេហដ្ឋាននៃសព ផ្ទះលេខ២៦៩ ផ្លូវលេខ៦៣ នៅក្រោយវិមានព្រឹទ្ធសភា ហើយត្រូវហែយកទៅបញ្ចុះនៅវត្តចន្ទបុរីវង្ស របស់សម្ដេចវនវ័ត ណត ច្រឹក នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។
ជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជា ក៏សូមសម្ដែងនូវការសោកស្ដាយគ្មានអ្វីប្រៀបផ្ទឹមបានឡើយ ចំពោះការបាត់បង់មហាឧបាសិកា សុ គម ដែលជាស្ដ្រី ជាមាតា និងជាជីដូនប្រកបដោយព្រហ្មវិហារធម៌ ហើយធ្លាប់បានធ្វើសកម្មភាពជាច្រើន ដើម្បីរួមចំណែកដល់ការកសាងសង្គមជាតិ និងជួយដល់ការងារគណបក្សប្រជាជនកម្ពុជា។
គណៈអចិន្ដ្រៃយ៍ នៃគណកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា សូមចូលរួមរំលែកនូវមរណទុក្ខដោយក្ដីសោកសង្រេងបំផុតជាមួយក្រុមគ្រួសារនៃសព ហើយសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់មហាឧបាសិកា សុ គម បានទៅកាន់សុគតិភពកុំបីខានឡើយ៕