(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ១១នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ខណៈពួកគាត់ជាពលរដ្ឋរស់នៅស្រុកគូលែន និងក្រុងព្រះវិហារ។ បើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ក្នុងថ្ងៃជាមួយគ្នានេះ ក៏មានអ្នកជាសះស្បើយពីជំងឺកូវីដចំនួន ៤នាក់ផងដែរ។
រដ្ឋបាលខេត្តព្រះវិហារបានឱ្យដឹងថា ក្នុងចំណោមអ្នកជំងឺកូវីដទាំង ១១នាក់នោះ មាន ៨នាក់ រកឃើញនៅស្រុកគូលែន និង ៣នាក់ទៀត រកឃើញនៅក្រុងព្រះវិហារ។ អ្នកជំងឺទាំង១១នាក់នេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដកម្រិតស្រាលនៅវិទ្យាល័យ ជា ស៉ីម ត្បែងមានជ័យ ក្រុងព្រះវិហារ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារបានរកឃើញជំងឺកូវីដ១៩ ចំនួន ៩៤៤នាក់ ជាសះស្បើយចំនួន ៥៥២នាក់ ស្លាប់ចំនួន ៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៣៨៩នាក់ទៀត៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ៖