(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានចុះពិនិត្យនៅតាមទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២-១៧ឆ្នាំ ដើម្បីបង្កើនសុវត្ថិភាព និងបង្ការទប់ស្កាត់ជំងឺចូលក្នុងសហគមន៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលស្ថិតនៅក្នុងទីតាំងសាលាបឋមសិក្សាសម្ដេចតេជោក្រុងព្រៃវែង និងវិទ្យាល័យព្រះអង្គឌួង។
ការចុះពិនិត្យមើលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ខាងលើនេះ មានការចូលរួមពីលោក សួន សុម៉ាលីន អភិបាលរងខេត្ត ព្រមទាំងអភិបាលក្រុង លោកប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអ្នកពាក់ព័ន្ធ។
ថ្លែងនៅក្នុងឱកាសនោះ លោក ជា សុមេធី បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពប្រជាពលរដ្ឋ និងបានកសាងខឿនការពារសុខុមាលភាពប្រជាពលរដ្ឋខ្មែរប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ តាមរយៈការស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋនាពេលនេះ និងពេលកន្លងផងដែរ។
លោកអភិបាលខេត្តបានថ្លែងអំណរគុណដល់អាជ្ញាធរថ្នាក់មូលដ្ឋានដែលបានបំពេញតួនាទី ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងបម្រើប្រជាពលរដ្ឋបានត្រឹមត្រូវក្នុងពេលផ្តល់សេវាសាធារណៈ ដូចជាការចេញប័ណ្ណចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំង តាមវិធានណែនាំរបស់ក្រសួងសុខាភិបាល ៣-ការពារ ៣-កុំ។
លោកអភិបាលខេត្តបានឧបត្ថម្ភដល់មណ្ឌលចាក់វ៉ាក់សាំងនីមួយៗនូវទឹកសុទ្ធ ម៉ាស អាល់កុល និងថវិកាមួយចំនួន សម្រាប់ទុកឲ្យមណ្ឌលប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដនៅក្នុងក្រុងព្រៃវែងនេះផងដែរ៕