(ភ្នំពេញ)៖ សម្ព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា ដែលជាភាគីតំណាងឱ្យថៅកែរោងចក្រ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះ បានធ្វើការទទួចសារជាថ្មីម្ដងហើយម្ដងទៀត ឲ្យរដ្ឋសភាកែសម្រួលលក្ខខណ្ឌ៧ចំណុច នៃសេចក្ដីព្រាងច្បាប់ស្តីពីសហជីព ដើម្បីគ្រប់គ្រងផលប៉ះពាល់ លើទំនាក់ទំនងវិជ្ជាជីវៈ ជាពិសេសកូដកម្មមិនស្របច្បាប់។
ការទទួចស្នើឱ្យកែប្រែសេចក្តីព្រាងច្បាប់សហជីពនេះ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន នៅសណ្ឋាគារ កាំបូឌីយ៉ាណា ដែលមានការចូលរួមដោយផ្ទាល់ពីលោក វ៉ាន់ សូអៀង ប្រធានសហព័ព្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា និងជាប្រធានសមាគមរោងចក្រកាត់ដេរ និងក្រុមអ្នកនិយោជកជាច្រើនរូបទៀត។
លោក វ៉ាន់ សូអៀង ថ្លែងថា សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បន្តជំរុញឲ្យរាជរដ្ឋាភិបាល កែប្រែមាត្រាមួយចំនួន នៃសេចក្តីព្រាងច្បាប់សហជីពនេះ ដែលច្បាប់នេះចែងពីលក្ខខណ្ឌក្នុងការបង្កើតសហជីពប្រភពថវិកា និងដំណើរការរបស់សហជីព ដើម្បីធានាឲ្យបាននូវផលប្រយោជន៍ ទាំងកម្មករ-និយោជិត និងនិយោជក នៅកម្ពុជា ជាពិសេសជនដែលឋិត នៅក្នុងវិស័យកាត់ដេរ ដែលជាវិស័យសំខាន់ និងធំជាងគេនៃសកម្មភាពសេដ្ឋកិច្ចកម្ពុជា។
លោកបន្ដថា លក្ខខណ្ឌទាំង៧ចំណុចនោះ រួមមានៈមាត្រាទី១០, មាត្រាទី១៣, មាត្រាទី១៧, មាត្រាទី១៩, មាត្រាទី២០, មាត្រា៥៤ និងមាត្រា៧៧ ហើយក្នុងនោះ ការកែសម្រួលដ៏សំខាន់ ដែលនិយោជកចង់បាននោះ គឺនៅត្រង់មាត្រា១០ ដែលកំណត់ពីការបង្កើតសហជីព គឺសេចក្តីព្រាងច្បាប់បច្ចុប្បន្ន បានចែងថា សហជីពមូលដ្ឋានមួយ ត្រូវបានបង្កើតឡើងដោយកម្មករ-និយោជិត នៅក្នុងសហគ្រាស ឬគ្រឹះស្ថានមូលដ្ឋាននោះចំនួនត្រឹមតែ១០(ដប់)នាក់។
លោកបន្ថែមថា «សម្រាប់កន្លែងធ្វើការមួយកន្លែង ដូចជារោងចក្រកាត់ដេរជាដើម ដែលមានកម្មករ-និយោជិត រាប់ពាន់នាក់ អ្នកអាចនឹងមើលឃើញសហជីពរាប់ សិបសហជីពបានបង្កើតឡើង ។ លោកអ្នកប្រហែលជា អាចស្រមើលស្រមៃឃើញថា តើនឹងមានភាពរញ៉េរញ៉ៃយ៉ាងណា ក្នុងករណីដែល សហជីពមានសមាជិកតិច អាចបំផ្លាញទំនាក់ទំនងការងារ បើទោះបីជាសហជីពមាន សមាជិកភាគច្រើនមិនគាំទ្រពួកគេក្តី» ។
លោក វ៉ាន់ ស៊ូអៀង បានបន្តទៀតថា ភាគីនិយោជកបានស្នើថា ដើម្បីធានាថាកម្មករមានតំណាងត្រឹមត្រូវ ហើយនិយោជក អាចជួបចរចាជាមួយនឹងសហជីព ដែលមានភាពជាតំណាងពិតប្រាកដ លុះត្រាសហជីពអាចកកើត បានក្នុងលក្ខខណ្ឌ ដែលសហជីពនោះមានសមាជិកជាកម្មករ-និយោជិតចំនួន ២០% នៃកម្លាំងពលករសរុបក្នុងសហគ្រាសមួយហ្នឹង។ លោកបន្ថែមទៀតថា មិនមែនតែមាត្រាទី១០នេះទេ គឺទាំង៧ចំណុចនឹងតែម្ដង ដូច្នេះលោកសង្ឃឹមយ៉ាងមុតមាំថា រដ្ឋសភានឹងធ្វើការពិចារណាសារជាថ្មី មុននឹងត្រូវដាក់ឲ្យសភាអនុម័ត ក្នុងពេលឆាប់ៗខាងមុខនេះ។
គួរបញ្ជាក់ថា បន្ទាប់ពីសិក្ខាសាលាពិគ្រោះយោបល់ លើកចុងក្រោយលើសេចក្តីព្រាងច្បាប់ ស្ដីពីសហជីពបានកន្លងផុតទៅ ដូច្នេះសេចក្តីព្រាងច្បាប់ថ្មីនេះ ទំនងនឹងត្រូវបានដាក់ឲ្យសភាអនុម័ត នៅដើមខែមេសាខាងមុខនេះ បើទោះបីជាមានមាត្រាមួយចំនួន មានភាពចម្រូងចម្រាស់ក្តី៕