(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយថ្នាក់ដឹកនាំមន្ទីរស្ថាប័នពាក់ព័ន្ធ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យស្រាវជ្រាវរកទីលាន ស្ថិតនៅក្នុងភូមិកោះរកា ឃុំកោះរកា ស្រុកកំពង់សៀម សម្រាប់ធ្វើជាទីកន្លែងចាក់សំរាម ក្នុងក្របខណ្ឌខេត្តកំពង់ចាម។
បើតាមលោក នួន គងសល្យ ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ចាម បានឱ្យដឹងថា អាជ្ញាធរខេត្តកំពង់ចាមបានចុះសិក្សាទីលានសម្រាប់ចាក់សំរាមនេះ២គោលដៅ ១កន្លែង ស្ថិតនៅក្នុងស្រុកកងមាស និងមួយកន្លែងទៀតស្ថិតក្នុងស្រុកកំពង់សៀម។
លោកប្រធានមន្ទីរបរិស្ថាន បានឱ្យដឹងទៀតថា ទាំង២ទីតាំងនោះ គឺមានតែដីនៅចំណុចដីទួល ស្ថិតក្នុងឃុំកោះរកា ស្រុកកំពង់សៀម គ្រប់គ្រងដោយរដ្ឋ មានទំហំប្រមាណជាង ១០ហិកតា ដែលទំហំនេះ ត្រូវជាមួយស្តង់ដារបស់ខាងម្ចាស់គម្រោង ADB ដោយគាំទ្រដោយក្រសួងបរិស្ថាន។
លោក នួន គងសល្យ បានបញ្ជាក់ថា ទីលាននៅក្នុងស្រុកកំពង់សៀមនេះ មានលក្ខណៈអំណោយផលគ្រប់គ្រាន់សម្រាប់ធ្វើទីលានចាក់សំរាមស្តង់ដា ក្នុងក្របខណ្ឌខេត្តកំពង់ចាម ដោយហេតុថា ទីតាំងនោះ ឆ្ងាយពីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ មិនមានផលប៉ះពាល់បរិស្ថានដល់ប្រជាពលរដ្ឋនោះទេ។
ប្រធានមន្ទីរបរិស្ថាន បានបញ្ជាក់ផងដែរថា បច្ចុប្បន្នសម្រាប់ខេត្តកំពង់ចាម មិនទាន់មានទីលាន សម្រាប់ចាក់សំរាមទៅតាមស្តង់ដារនោះទេ ពោលគឺនៅប្រើប្រាស់ទីលានចាស់របស់ក្រុមហ៊ុនស៊ីនទ្រី ស្ថិតក្នុងឃុំបុកខ្នុរ ស្រុកចំការលើ៕