(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៨៧នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយចំនួន ៣៣៦នាក់ និងស្លាប់ចំនួន១នាក់ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នេះ។

រដ្ឋបាលខេត្តសៀមរាប បានប្រកាសឱ្យដឹងថា ករណីទី១ ដល់ទី៤ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ករណីទី៥ ដល់ទី៥៥ ជាករណីមានប្រភពចម្លងចេញពីផ្សារពួក និងករណីទី៥៦ ដល់ទី៦៤ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ឃ្លាំង។ ចំពោះ ករណីទី៦៥ ជាករណីមានប្រភពចម្លងចេញពីផ្សារចារឈូក ករណីទី៦៦ ដល់ទី៦៨ គឺជាអ្នកដំណើរមកពីខេត្តកំពង់ធំ ខេត្តឧត្ដរមានជ័យ និងខេត្តព្រះវិហារ និងករណីទី៦៩ ដល់ទី៨៧ ជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយទេ។

អ្នកជាសះស្បើយទាំង៣៣៦នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទៀត។

រដ្ឋបាលខេត្តបានបញ្ជាក់ថា មានករណីស្លាប់ចំនួន១ករណី ឈ្មោះ ហាច ស្រីមុំ ភេទស្រី អាយុ៤១ អាសយដ្ឋាននៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៥៖៥០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧២៧៦នាក់ បានព្យាបាលជាសះស្បើយចំនួន៦២៩០នាក់ ស្លាប់៧៦នាក់ និង៩១០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណោះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក។

រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។

ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕