(កំពត)៖ លោក ជាវ តាយ អភិបាលខេត្ត នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នេះ បានដឹកនាំមន្ត្រីរាជការ ចុះពិនិត្យ និងជួបសំណេះសំណាលលើកទឹកចិត្ត ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកដំបូងជូនដល់កុមារ និងយុវវ័យ ចាប់ពីអាយុ១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត។ ខណៈយុទ្ធនាការនេះ បានចាប់ដំណើរការព្រមគ្នាក្នុងថ្ងៃតែមួយទូទាំង៩ក្រុង ស្រុក នៃខេត្តកំពត។
យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នេះ ចាប់ផ្ដើមពីថ្ងៃទី២៥ ខែសីហា ឆ្នាំនេះតទៅ ហើយបើផ្អែកតាមគម្រោងផែនការ របស់រដ្ឋបាលខេត្ត បានប្រកាសជូនដំណឹងការចាក់នេះសំដៅទៅលើកុមារ និងយុវវ័យដែលមានចំនួនប្រមាណ ៧៨,៧០០នាក់ ជាប្រភេទវ៉ាក់សាំង (Sinovac)។
ក្នុងដំណើរការចាក់វ៉ាក់សាំងនេះ លោក ជាវ តាយ បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់អស់កម្លាំងកាយចិត្ត ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋទូទៅកន្លងមក ដោយទទួលបានលទ្ធផលល្អប្រសើរសម្រាប់ខេត្តកំពត។ ពិសេសថ្ងៃនេះការបន្តចាក់ជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ដោយមិនគិតការនឿយហត់ សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។
លោក ជាវ តាយ បានបន្តថា ជានិច្ចកាលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចទាំងទ្វេរតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការទាំងអស់ ពិសេសក្នុងបរិបទកូវីដ-១៩ ដ៏សែនលំបាកនេះ។
ទន្ទឹមនឹងនេះដែរ លោកអភិបាលខេត្ត បានបញ្ជាក់ថា ក្រៅពីការដាក់ចេញនូវវិធានការ ចំណាត់ការ បទបញ្ជា ក៏ដូចជាសារាចរណែនាំជាច្រើន ដើម្បីបង្កាទប់ស្កា់ត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ គឺសម្តេចតេជោនាយករដ្ឋមន្ត្រី បានខិតខំប្រើអស់លទ្ធភាព គ្រប់មធ្យោបាយ ដើម្បីស្វែងរកវ៉ាក់សាំងមកចាក់ជូនដល់ប្រជាពលរដ្ឋតាមគោលការណ៍ស្ម័គ្រចិត្ត ឱ្យបានគ្រប់ៗគ្នា ពិសេសក្នុងពេលនេះ បន្តការចាក់ជូនដល់កុមារ និងយុវវ័យ ដើម្បីកាត់ផ្ដាច់នូវការចម្លងកូវីដ-១៩ ចូលក្នុងសហគមន៍ នៅក្នុងគោលដៅទៅមុខ និងបើកសាលារៀនជូនដល់កុមារ និងយុវវ័យឱ្យបានចូលរៀនឡើងវិញទាំងអស់គ្នាផងដែរ។
លោក ជាវ តាយ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសឪពុក ម្ដាយ អាណាព្យាបាល សូមបញ្ជូនកុមារ និងយុវវ័យទាំងអស់ មកទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នាទាំងអស់។ ប៉ុន្តែបើទោះបីទទួលបានការចាក់វ៉ាក់សាំងហើយក្ដី ក៏សូមឱ្យបន្តអនុវត្តតាមវិធានសុខាភិបាល ជាពិសេសវិធានការ «៣ការពារ និង៣កុំ» តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ឱ្យបានខ្ជាប់ខ្ជួនដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ នៅតាមសហគមន៍ ឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។
នៅក្នុងឱកាសនោះដែរ តំណាងកុមារ និងយុវវ័យ ក្នុងខេត្តកំពតទាំងមូល បានចូលរួមសម្ដែងនូវក្ដីរីករាយនៃការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នាពេលនេះ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានខិតខំស្វែងរកវ៉ាក់សាំងមកចាក់ការពារសុខមាលភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសសម្រាប់កុមារ និងយុវវ័យ សម្រាប់គោលដៅទៅមុខ នឹងបានបើកសាលាចូលសិក្សារៀនសូត្រទាំងអស់គ្នាឡើងវិញ។
តំណាងកុមារនិងយុវវ័យ ក៏បានជូនពរឱ្យសម្ដេចតេជោ ហ៊ុន សែន ព្រមទាំងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានអាយុយឺនយូរ ដើម្បីជាម្លប់ដឹកនាំនាវាកម្ពុជា ក្នុងដំណើរការអភិវឌ្ឍន៍ ឱ្យបានកាន់តែរីកចម្រើន និងជីវភាពប្រជាពលរដ្ឋក៏បានកាន់តែធូរធាប្រសើរឡើងថែមទៀត៕