(ភ្នំពេញ)៖ ការសិក្សាស្រាវជ្រាវមួយធ្វើឡើងក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធ ដោយទទួលបានការគាំទ្រពីប្រទេសអូស្ត្រាលី បានរកឃើញថា ផលិតផលកសិកម្មរបស់ខ្មែរចំនួន៩មុខមានតម្លៃខ្ពស់។ ផលិតផលទាំង៩មុខនោះរួមមាន៖ ផ្លែស្វាយ មៀន ស្វាយចន្ទី ម្ទេស ដំឡូងជ្វា ផ្លែបឺរ ល្ងរ ស្ករត្នោត និងចេកក្រៀម។
លទ្ធផលនៃការសិក្សាស្រាវជ្រាវស្តីពី «ទីផ្សារសម្រាប់ផលិតផលកសិកម្មដែលមានតម្លៃខ្ពស់របស់កម្ពុជា» ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ។ ពិធីនេះធ្វើឡើងតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Pablo Kang ឯកអគ្គរដ្ឋទូតនៃប្រទេសអូស្ត្រាលី ប្រចាំនៅកម្ពុជា។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ មន្ទីរពាណិជ្ជកម្មរាជធានី ខេត្ត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនសំខាន់ៗ សរុបជាង ១០០នាក់។
ការផ្សព្វផ្សាយនូវលទ្ធផលស្រាវជ្រាវនេះ ក្នុងគោលបំណងផ្សព្វផ្សាយដល់សាធារណជន កសិករ អ្នកកែច្នៃ និងភាគីពាក់ព័ន្ធផលិតផលកសិកម្មកម្ពុជា ដែលមានតម្លៃខ្ពស់ទាំងនេះ អំពីកាលានុវត្តភាពនៃផលិតផល និងទីផ្សារនៅក្នុងប្រទេសអូស្ត្រាលី ណូវែលហ្សេឡង់ អឺរ៉ុប ចិន អាស៊ាន និងបណ្ដាទីផ្សារសក្តានុពល ដែលមានតម្រូវការទីផ្សារខ្ពស់ផ្សេងទៀត។ ការផ្សព្វផ្សាយនេះ ក៏ដើម្បីជាព័ត៌មានក្នុងការសម្រេចចិត្តលើការវិនិយោគ ជាពិសេសការពង្រីកអាជីវកម្មឱ្យបានកាន់តែប្រសើរ សំដៅរួមចំណែកក្នុងការអភិវឌ្ឍន៍ពាណិជ្ជូបនីយកម្មនៅកម្ពុជាប្រកបដោយបរិយាប័ន្ន ដែលនឹងជួយរួមចំណែកគាំទ្រដល់គោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
ក្នុងពិធីនេះលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈការដាក់ចេញនូវវិធានការរដ្ឋបាល និងវិធានសុខាភិបាលជាច្រើន ដែលមានភាពទន់ភ្លន់ ប៉ុន្តែម៉ឺងម៉ាត់ បត់បែនទៅតាមសភាពការណ៍ និងទីតាំងភូមិសាស្រ្តជាក់ស្តែង ដើម្បីទប់ស្កាត់ កាត់ផ្តាច់នូវខ្សែច្រវ៉ាក់ចម្លង និងកាត់បន្ថយការឆ្លងបានទាន់ពេលវេលានៃជំងឺកូវីដ-១៩ ជាពិសេសរាជរដ្ឋាភិបាលបានយកការចាក់វាក់សាំង ដែលជាវិធានការយុទ្ធសាស្រ្តគន្លឹះ សំដៅឈានទៅសម្រេចបានភាពស៊ាំសហគមន៍ ដែលជាកត្តាសំខាន់ក្នុងការវិលត្រលប់ឱ្យបានឆាប់រហ័សទៅរកប្រក្រតីភាពថ្មី នៃការរស់នៅរបស់ប្រជាជនកម្ពុជា និងដំណើរការស្តារសង្គម-សេដ្ឋកិច្ចទ្បើងវិញបន្ទាប់ពីវិបត្តិកូវីដ-១៩។
លោករដ្ឋមន្ត្រី ក៏បានជម្រាបអំពីសមិទ្ធផលនិងផែនការការងារ ដែលក្រសួងពាណិជ្ជកម្មសម្រេចបាន និងកំពុងអនុវត្ត រួមមាន ការបញ្ចប់ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រួមមាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ, ការងារអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥, ការងាររៀបចំយុទ្ធសាស្រ្តទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការងារអាទិភាពផ្សេងទៀត សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សេដ្ឋកិច្ចជាតិក្នុងអំឡុងពេលនិងបន្ទាប់ពីវិបត្តិកូវីដ-១៩។
លោក Pablo Kang បានលើកឡើងថា វិស័យកសិកម្ម បានផ្តល់ឱ្យកម្ពុជានូវស្ថិរភាពដែលត្រូវការជាចាំបាច់ក្នុងកំឡុងពេលកូវីដ-១៩ និងជាចំណុចកណ្តាលនៃការស្តារសេដ្ឋកិច្ចឡើងវិញ។
លោកបន្តថា ការសិក្សារបស់ «CAVAC» លើផលិតផលកសិកម្មដែលមានតម្លៃខ្ពស់របស់កម្ពុជានេះ ជាមគ្គុទេសន៍ថ្មីមួយសម្រាប់ការរីកចម្រើននាពេលអនាគត តាមរយៈការលើកទឹកចិត្តវិស័យឧស្សាហកម្ម ក្នុងការធ្វើពិពិធកម្មខ្សែច្រវ៉ាក់ផ្គត់ផ្គង់ការនាំចេញ ទៅជាប្រភេទដំណាំប្រកបដោយភាពច្នៃប្រឌិត ដូចជា ផ្លែប័រ និងគ្រាប់ស្វាយចន្ទី។ ទាំងនេះនឹងជួយធ្វើឱ្យវិស័យកសិកម្មមានភាពធន់និងការប្រកួតប្រជែង។
លោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណចំពោះកិច្ចសហការរបស់ «CAVAC» និងស្ថានទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានស្នើក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនពាក់ព័ន្ធបន្តសហការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។ ជាពិសេសក្នុងការលើកកម្ពស់ផលិតកម្មផលិតផលកសិកម្មដែលមានតម្លៃខ្ពស់របស់កម្ពុជា ដើម្បីឈានទៅចាប់ទីផ្សារដែលមានសក្តានុពលក្នុងតំបន់ និងក្នុងពិភពលោក៕