(បាត់ដំបង)៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ បានស្នើដល់ភាគីថៃ ជួយព្យាបាលពលករខ្មែរដែលមានជំងឺកូវីដ-១៩ ជាពិសេសពលករដែលកំពុងស្វែងរកការងារ ធ្វើក្នុងប្រទេសថៃ។
លោកក៏បានស្នើភាគីថៃ ជួយសម្របសម្រួលករណីពលករខ្មែរឆ្លងដែនខុសច្បាប់ មិនទាន់បានប្រព្រឹត្តទោសធ្ងន់ធ្ងរ សូមបញ្ជូនខ្លួនពលករទាំងនោះត្រឡប់មកកម្ពុជាវិញ នឹងជួយទប់ស្កាត់មិនឱ្យមានមេខ្យល់រង់ចាំ ទទួលពលករខុសច្បាប់ពីកម្ពុជា។
លោកឧត្តមសេនីយ៍ទោ សេង ធារិន បានស្នើយ៉ាងដូចនេះនាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ ក្នុងឱកាសដឹកនាំមន្ត្រីជំនាញចូលរួមកិច្ចប្រជុំពិភាក្សាការងាររាជការ និងអភិវឌ្ឍន៍សម្ព័ន្ធមេត្រីភាព កម្ពុជា-ថៃ តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (VTC) ជាមួយភាគីថៃ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ក្រៃភព ឆៃយ៉ាក់ផាន់ នាយសេនាធិការកងទ័ពភូមិភាគទី១ ក្រុមលេខា និងមន្ត្រីរាជការ ខេត្តស្រះកែវ ។
ក្នុងកិច្ចប្រជុំអភិវឌ្ឍសម្ព័ន្ធមេត្រីភាព និងពិភាក្សាការងាររាជការ រវាងកងទ័ពភូមិភាគទី១ ជាមួយយោធភូមិភាគទី៥ នាព្រឹកនេះគឺបានលើកបញ្ហាចំនួន៤ យកមកពិភាក្សារួមមាន៖ ការការពារ និងទប់ស្កាត់ពលករឆ្លងដែន និងការរៀបចំការងារសំរាប់ពលករ, បញ្ហាគ្រឿងញៀន, បញ្ហាផ្ទុះជំងឺក្នុងស្ថានការណ៍បច្ចុប្បន្ន និងបញ្ហាល្បែងភ្នាល់តាមអនឡាញ។
ភាគីទាំងពីរបានស្នើសុំឲ្យកម្លាំងសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធនៅជួរមុខ និងស្ថាប័នជំនាញ ដែលមានការពាក់ព័ន្ធទាំងពីរភាគី រួមគ្នាពិចារណាដើម្បី កំណត់ជា គោលការណ៍ សម្រាប់ធ្វើការដោះស្រាយបញ្ហាផ្សេងៗ តាមព្រំដែនឱ្យសមស្របជាប្រទេសមានភូមិផងរបងជាមួយគ្នា ក្នុងកិច្ចប្រជុំនាទីព្រឹកនេះភាគីទាំងពីរ បានពិភាក្សាគ្នាដោយយកចិត្តទុកដាក់ និងផ្អែកលើទស្សនៈផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ពិសេសប្រជាពលរដ្ឋដែលរស់នៅតាមបរិវេណព្រំដែន៕