(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានបន្ដនាំយកថវិការបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទៅប្រគល់ជូនលោកតា លោកយាយ អាយុ១០០ឆ្នាំឡើង ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។
លោកតា និងលោកយាយ ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំង ហើយទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន នូវថវិកាចំនួន ៣លានរៀល និងសម្ភារជាគ្រឿងឧបភោគ បរិភោគមួយចំនួនទៀតនោះរួមមាន៖
* ទី១៖ លោកតា តូច មុច អាយុ១០១ឆ្នាំ រស់នៅភូមិត្រពាំងកកោះ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
* ទី២៖ លោកយាយ ហួត ជី អាំយុ១០១ឆ្នាំ រស់នៅភូមិប៉ប្រកជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
* ទី៣៖ លោកយាយ អ៉ឹង អេងហៃ អាយុ១០១ឆ្នាំ រស់នៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ថ្លែងក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកតា លោកយាយ ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាពរបស់គាត់ ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ។
លោកតា និងលោកយាយ ដែលបានចាក់វ៉ាក់សាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលអនុញ្ញាតឲ្យគាត់បានចាក់វ៉ាក់សាំង និងបានផ្ដល់អំណោយជូនរូបគាត់នៅឱកាសនេះ។ ជាការកត់សម្គាល់ចំពោះស្ថានភាពសុខភាពរបស់លោកតា លោកយាយ បន្ទាប់ពីទទួលបាននូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺមានសភាពល្អប្រសើរ មិនមានអ្វីប្រែប្រួលនោះទេ។
សូមជម្រាបថា បើតាមផែនការដែលបានគ្រោងទុក នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ស្អែកនេះ លោកស្រី ឱ វណ្ណឌីន នឹងបន្ដដឹកនាំក្រុមការងារនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រគល់ជូនលោកតា លោកយាយ នៅខេត្តពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន និងខេត្តឧត្តរមានជ័យ ដែលមានចំនួនសរុប១៥នាក់៕