(ភ្នំពេញ)៖ លោក ហ្សាការីយ៉ា អាដាម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានទទួលមរណភាព នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ។ នេះបើយោងដំណឹងមរណភាព ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ដំណឹងមរណភាពដដែល បានបញ្ជាក់យ៉ាងដូច្នេះថា «សូមជម្រាបជូនដំណឹងដល់គណៈដឹកនាំជាន់ខ្ពស់នៃសាសនិកឥស្លាមកម្ពុជា គណៈអ៉ីម៉ាំរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងបងប្អូនឥស្លាមទូទាំងប្រទេស ជ្រាបថា លោក ហ្សាការីយ៉ា អាដាម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា និងជាចាងហ្វាងរងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានទទួលមរណភាព នៅថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព. ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃទី ១៦ ខែអូហារ៉ាម ឆ្នាំ១៤៤៣ មូហាំម៉ាត់សករាជ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៉ី វេលាម៉ោង ៤៖៥០នាទីព្រឹក ត្រូវនឹងម៉ោង ៣៖៥០នាទីព្រឹក នៅព្រះរាជាណាចក្រកម្ពុជា ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ»។
មរណភាពរបស់ លោក ហ្សាការីយ៉ា អាដាម គឺជាការបាត់បង់ដ៏ធំធេងរបស់សហគមន៍ខ្មែរឥស្លាម នូវថ្នាក់ដឹកនាំកំពូលមួយរូបដែលបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញា និងបន្សល់ទុកនូវស្នាដៃល្អៗជាច្រើនអនេក ក្នុងភារកិច្ចចូលរួមបម្រើឧត្តមប្រយោជន៍របស់សហគមន៍ខ្មែរឥស្លាម និងសង្គមជាតិទាំងមូល សម្រាប់ជាគំរូដ៏ល្អដល់ជនជំនាន់ក្រោយ។
អាស្រ័យហេតុនេះ ក្នុងឱកាសពោរពេញដោយសមានទុក្ខដ៏សែនក្រៀមក្រំនេះ សូមគណៈដឹកនាំជាន់ខ្ពស់នៃសាសនិកឥស្លាមកម្ពុជា គណៈអ៉ីម៉ាំរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងបងប្អូនសាសនិកឥស្លាមទូទាំងប្រទេស ស ឡាតជីណាហ្សែហ្គេប (សឡាតជូនម៉ាឃិតននៅតាមផ្ទះរៀងៗខ្លួន) ជួនម៉ាឃិតឯកឧត្តម និងបួងសួងសុំទូអាចំពោះអល់ឡោះជាម្ចាស់ សូមមេត្តាទទួលយកនូវកុសលផលបុណ្យទាំងឡាយរបស់ឯកឧត្តម ប្រទាននូវសេចក្តីប្រោសប្រណី អភ័យទោស និងប្រទាននូវឋានសួគ៌ជូនឯកឧត្តមកុំបីខានឡើយ។
លោក អូស្មាន់ ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស ក៏បានផ្ញើសាររំលែកទុក្ខ ចំពោះមរណភាពរបស់លោក ហ្សាការីយ៉ា អាដាម ផងដែរ៕