(អហ្ស៊ីប)៖ ប្រធានាធិបតីប្រទេស Cyprus លោក Nicos Anastasiades បានថ្លែងឲ្យដឹងថា ករណីប្លន់យន្តហោះអេហ្ស៊ីប មិនទាន់ពាក់ព័ន្ធនឹង «អំពើភេរវកម្ម» ឡើយ ពោលគឺអាចមានបញ្ហាផ្ទាល់ខ្លួន ហើយបើតាមប្រភពព័ត៌មានក្នុងស្រុកបានឲ្យដឹងថា អតីតភរិយារបស់ជនសង្ស័យគឺរស់នៅក្នុងប្រទេស Cyprus នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters ចេញផ្សាយ Update មុននេះបន្ដិច។
ក្រោយកើតមានករណីប្លន់យន្តហោះនេះ ក្រសួងអាកាសចរណ៍អេហ្ស៊ីប ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ជនសង្ស័យគឺបានស្នើសុំសិទ្ធិជ្រោកកោននៅក្នុងប្រទេស Cyprus ដែលព័ត៌មាននេះ ត្រូវបានចេញផ្សាយដោយទូរទស្សន៍ក្នុងស្រុក។
យោងតាមការចេញផ្សាយរបស់ Sky News ចេញផ្សាយ Update មុននេះបន្ដិចបានឲ្យដឹងថា នៅពេលនេះមានមនុស្ស ៧នាក់ នៅលើយន្តហោះ ក្នុងនោះមាន ៣នាក់ជាអ្នកដំណើរ។
សូមជំរាបថា បន្ទាប់ពីប្លន់ក្រុមចោរបានបញ្ជាយន្តហោះ ឲ្យចុះចតនៅប្រទេសដែនកោះមួយឈ្មោះ Cyprus ក្នុងព្រលានយន្តហោះ Larnaka Airport ដែលស្ថិតនៅភាគខាងជើងនៃប្រទេសអេហ្ស៊ីប និងក្បែរប្រទេសតួកគី និងស៊ីរី។ ករណីនេះគេសង្ស័យថា មានគ្រាប់បែកនៅលើយន្តហោះ៕