(ព្រះសីហនុ)៖ គិតត្រឹមម៉ោង០៨៖២០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ កម្រិតទឹកភ្លៀងនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានកម្ពស់រហូតដល់២៤៩មីល្លីម៉ែត្រ ដែលបណ្ដាលឲ្យតំបន់មួយចំនួនរងនូវការលិចលង់ចូលក្នុងផ្ទះសម្បែង។ នេះបើតាមការឲ្យដឹងពី លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ទៀតថា បើតាមយោងការព្យាករណ៍ករណីភ្លៀងធ្លាក់នៅខេត្តព្រះសីហនុ នឹងបន្តធ្លាក់ពីកម្រិតមធ្យមទៅច្រើន ដូច្នេះរដ្ឋបាលខេត្តសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ដោយស្វែងរកទីតាំងដែលមានសុវត្ថិភាព និងកុំធ្វើដំណើរចាកចេញពីផ្ទះបើគ្មានភាពចាំបាច់។
ជាមួយនឹងបញ្ហាប្រឈមនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក៏បានបញ្ចេញកម្លាំងភ្លាមៗចុះជួយអន្ដរាគមន៍សង្គ្រោះ និងពិនិត្យទីតាំងដែលរង់នូវការប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងយ៉ាងគំហុកនេះផងដែរ ដើម្បីកុំឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ ពិសេសកុំឲ្យពលរដ្ឋរងគ្រោះថ្នាក់។
បើតាមសេចក្ដីរាយការណ៍ កាលពីម៉ោង៥ល្ងាចតាមប្រភពព័ត៌មានពីប្រជាពលរដ្នស្ថិតលើផ្លូវមិត្តភាព ក្បែរដុនបូស្កូ បានឲ្យដឹងថា មានមនុស្សម្នាក់មិនស្គាល់អត្តសញ្ញាណ បានធ្លាក់ទៅក្នុងទឹកប្រឡាយអូរប្រាំបាត់ខ្លួនតែម្តង។ បច្ចុប្បន្នកម្លាំងអធិការដ្ឋានក្រុងព្រះសីហនុ ជាមួយកម្លាំងទីបញ្ជាការស្រាល គណៈបញ្ជាការឯកភាពក្រុង និងក្រុមការងារជួយសង្គ្រោះ កំពុងធ្វើការស្រាវជ្រាវរកជនរងគ្រោះនៅចំណុចកើតហេតុ។
សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៥-៣១ ខែសីហា ឆ្នាំ២០២១។ ក្រសួងធនធានទឹកបញ្ជាក់ថា នៅរយៈពេលនេះនៅកម្ពុជា នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំងតាមតំបន់ និងអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀង ផ្គររន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់ៗ៕