(ភ្នំពេញ)៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងអង្គសន្និបាតអប់រំ យុវជន និងកីឡាឆ្នាំ២០១៦ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះ បានជំរុញឲ្យមន្ត្រីចំណុះឲ្យក្រសួងអប់រំ បិទផ្សព្វផ្សាយស្ទីកឃ័រ អាសយដ្ឋានគេហទំព័រ www.moeys.gov.kh និងអាសយដ្ឋានបណ្តាញសង្គមហ្វេសប៊ុក ក្រសួងអប់រំ យុវជន និងកីឡា www.facebook.com/moeys.gov.kh យកស្ទីកឃ័រ សម្រាប់ចែក និងបិទផ្សាយតាមអង្គភាពក្រោមឱវាទ ជាពិសេសនៅតាមគ្រឹះស្ថាន សិក្សាមធ្យមសិក្សាចំណេះទូទៅ និងសាកលវិទ្យាល័យ ឲ្យបានទូលំទូលាយ។
លោករដ្ឋមន្ដ្រី ហង់ ជួន ណារ៉ុង បញ្ជាក់ថា ការផលិត និងចែកចាយស្ទីកឃ័រនេះ ធ្វើក្នុងគោលបំណងផ្សព្វផ្សាយ ឲ្យបានទូលំទូលាយនូវគេហទំព័រ និងបណ្តាញសង្គមហ្វេសប៊ុកក្រសួងអប់រំ យុវជន និងកីឡា ដែលមានអ្នកតាមដានជាង១លាននាក់ និងបានកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចែករំលែកនូវព័ត៌មានទាំងឡាយ ដែលក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងសម្រេច ឲ្យបានទៅដល់សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ មាតាបិតាសិស្ស និងភាគីពាក់ព័ន្ធទាំងអស់ ស្របតាមកំណែទម្រង់របស់ក្រសួង៕