(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា ក្នុងនាមជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំជាលើកដំបូងតាមរយៈប្រព័ន្ធវីដេអូ ដាក់ចេញផែនការ និងការត្រៀមខ្លួន ដើម្បីទទួលនូវកិច្ចប្រជុំអាស៊ាននាឆ្នាំ២០២២។

កិច្ចប្រជុំនេះ មានការចូលរួមពីរដ្ឋលេខាធិការប្រចាំការ អនុប្រធាន សមាជិកគណៈកម្មការ និងប្រធាន អនុប្រធាននៃអនុគណៈកម្មការ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ អមដោយមន្ត្រីជំនាញ តំណាងមកពីអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងទេសចរណ៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងរ៉ែ និងថាមពល ធនាគារជាតិកម្ពុជា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

កិច្ចប្រជុំខាងលើនេះមានគោលបំណងសំខាន់ៗមួយចំនួនរួមមាន៖
១៖ ប្រកាសពីសមាសភាព នៃគណៈកម្មការរៀបចំកិច្ចប្រជុំក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ត្រៀមសម្រាប់កម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២
២៖ ជម្រាបអំពីលទ្ធផលនៃកិច្ចប្រជុំចង្អៀតតំណាងជាតិក្រោមសសរស្ដម្ភទាំង៣ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២។ ក្នុងនោះ លោករដ្ឋមន្ត្រីប្រធានអង្គប្រជុំ បានជម្រាបជូនវឌ្ឍនភាពសំខាន់ៗ របស់ក្រុមការងារក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ពាក់ព័ន្ធនឹងដំណើការពិនិត្យ និងជ្រើសរើសនិមិត្តសញ្ញាអាស៊ានឆ្នាំ២០២២ និងជាពិសេសដំណើរការពិនិត្យរៀបចំគោលដៅយុទ្ធសាស្ត្រ (Strategic Thrust) ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ច និងកំណត់បញ្ជីសមិទ្ធផលអាទិភាព (PEDs) ដែលស្ថិតក្រោមគោលដៅយុទ្ធសាស្ត្រទាំងនោះ។
៣៖ តាមដានវឌ្ឍនភាពការងាររបស់អនុគណៈកម្មាជំនាញនីមួយៗ

ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក្នុងនាមជាប្រធានគណៈកម្មការ បានផ្តល់អនុសាសន៍ណែនាំជូនអនុគណៈកម្មការនីមួយៗ និងក្រុមការងារលេខាធិការដ្ឋាន ដើម្បីបន្តអនុវត្តការងារបន្ថែមទៀត ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់ សំដៅធ្វើយ៉ាងណាឱ្យកិច្ចប្រជុំនានាដែលស្ថិតក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ច នឹងប្រព្រឹត្តទៅបានរលូន និងប្រកបដោយជោគជ័យ។

លោកមន្ត្រីប្រធានអង្គប្រជុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រធាន អនុប្រធាន និងសមាជិក គណៈកម្មការ និងអនុគណៈកម្មការទាំងអស់ ចំពោះការចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹកពីការងារស្នូល ចូលរួមក្នុងកិច្ចប្រជុំនេះ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការផ្តល់កិច្ចសហការដ៏ជិតស្និទ្ធ និងល្អប្រសើរក្នុងកិច្ចការរៀបចំត្រៀមកិច្ចប្រជុំក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន សម្រាប់ឆ្នាំ២០២២៕