(កោះកុង)៖ យោងតាមលទ្ធផលវិភាគពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញថា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ខេត្តកោះកុង រកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ១៩ ប្រភេទ Delta ចំនួន២ករណីជាម្តាយ-កូន ខណៈមានមនុស្សចំនួន៩នាក់ បានប៉ះពាល់ផងដែរ។ នេះបើយោងតាមការណ៍របស់មន្ទីរសុខាភិបាល ខេត្តកោះកុង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ។
របាយការណ៍ដដែល បានឱ្យដឹងថា ម្តាយ-កូន២នាក់នេះ ស្នាក់នៅបន្ទប់ជួលជាមួយប្តី នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ស្រ្តីខាងលើជាមេផ្ទះ (នៅផ្ទះមើលថែកូន) និងប្តីជាកម្មកររោងចក្រ។
នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ ពួកគាត់មានអាការៈ ក្តៅខ្លួន ឈឺបំពង់ក ហៀរសំបោរ និងរាក, នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ពួកគាត់ទាំង៣នាក់ បានធ្វើដំណើរចេញពីផ្ទះជួលនៅភូមិ ត្រពាំងក្រសាំង គោលបំណងមកស្រុកកំណើតនៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ដោយម៉ូតូផ្ទាល់ខ្លួន។
ពេលមកដល់ភា្លម ដោយសង្ស័យថាខ្លួនមានផ្ទុកវីរុសកូវីដ១៩ ពួកគាត់បានចូលទៅធ្វើតេស្តរហ័ស (Rapid Test) រកវីរុសកូវីដ១៩ ជាមុនសិន នៅវិទ្យាល័យស្រែអំបិល មុនពេលចូលទៅផ្ទះ។ ក្រោយពិនិត្យសំណាករួច ពួកគាត់ទាំង៣នាក់មានវិជ្ជមានកូវីដ-១៩។
ក្នុងរបាយកាណ៍បានបញ្ជាក់ថា ក្រុមការងារឆ្លើយតបបន្ទាន់ជំងឺឆ្លងនៃការិយាសុខាភិបាលស្រុកប្រតិបត្តិស្រែអំបិល បានដាក់ពួកគាត់ទាំង៣នាក់ ឱ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល វិទ្យាល័យស្រែអំបិល។
បន្ថែមពីនេះ ក្រោយពីរកឃើញថាមានផ្ទុកវីរុស Delta ក្រុមការងារបានកំណត់អ្នកប៉ះពាល់បានចំនួន៩នាក់ គឺអ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ ជាមួយគ្នា ក្នុងមណ្ឌលវិទ្យាល័យស្រែអំបិល។
បច្ចុប្បន្ននេះ អ្នកជំងឺកូវីដ១៩ ប្រភេទថ្មី Delta ទាំង២នាក់នេះ បានផ្ទេរទៅព្យាបាលបន្តនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល(នៅបន្ទប់ដាច់ដោយឡែកពីគេ) និងអ្នកពាក់ព័ន្ធចំនួន៩នាក់ផ្សេងទៀត ក៏បានផ្ទេរទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ដូចគ្នា៕