(កំពត)៖ ជម្លោះបញ្ហាតូបលក់ដូរ រវាងក្រុមអាជីវករប្រមាណ ៣២តូប និងម្ចាស់វិនិយោគផ្សារទីរួមខេត្តកំពត អូសបន្លាយពេលវេលា អស់រយៈពេលជាយូរឆ្នាំ ដែលដោះស្រាយមិនចេញ រហូតឡើងប្តឹងផ្ដល់គ្នាទៅវិញទៅមក ឡើងទៅសាលាដំបូងខេត្ត ដល់សាលាឧទ្ធរណ៍នោះ ទើបនៅថ្ងៃ២៤ ខែសីហា ឆ្នាំ២០២១នេះ លោក ជាវ តាយ អភិបាលខេត្តកំពត បានកោះជួបប្រជុំគ្នា តាមបណ្ដឹងរបស់ក្រុមអាជីវករ ៣២នាក់ ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់ទំនាស់ជាស្ថាពរ រវាងក្រុមអាជីវករខាងលើ និងម្ចាស់អាជីវកម្មផ្សារទីរួមខេត្តកំពត ដោយប្រើជាយុទ្ធសាស្ត្រឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សំដៅបញ្ចប់នូវជម្លោះដ៏រ៉ាំរ៉ៃជាយូរឆ្នាំមកហើយនេះ។
កិច្ចប្រជុំធ្វើឡើងនៅសាលាខេត្តកំពត ដោយមានការចូលរួមពីក្រុមអាជីវករទាំង៣២នាក់ខាងលើ ម្ចាស់អាជីវកម្មវិនិយោគផ្សារសាមគ្គីទីរួមខេត្តកំពត មន្ត្រី និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប។
តាមលទ្ធផលជាក់ស្តែងក្នុងកិច្ចប្រជុំនេះ លោក ជាវ តាយ បានសម្របសម្រួលដោះស្រាយបញ្ចប់។ កន្លងទៅរដ្ឋបាលខេត្តកំពត បានព្យាយាមធ្វើការដោះស្រាយយ៉ាងយកចិត្តទុកដាក់ ក្នុងការសម្របសម្រួលជូនភាគីទំនាស់ទាំងពីរ ខាងលើ ក្រៅប្រព័ន្ធតុលាការ ផ្អែកតាមយុទ្ធសាស្ត្រឈ្នះឈ្នះចំនួនពី១លើក ទៅ២លើករួចមកហើយ។ ប៉ុន្តែលទ្ធផលដំណោះស្រាយពុំត្រូវគ្នាឡើយ ព្រោះរដ្ឋបាលខេត្ត ពុំមានសិទ្ធិសម្រេចឱ្យភាគីបុគ្គលណាម្នាក់ឈ្នះ ឬចាញ់ឡើយ។
យ៉ាងណាមិញ នៅក្នុងកិច្ចប្រជុំនេះ គូរទ្វេភាគីពីទំនាស់ទាំងសង្ខាង ក៏បានបានឯកភាពទទួលយកនៅដំណោះស្រាយឈ្នះឈ្នះទាំងអស់គ្នា ក្នុងនោះរួមមាន៖
*ទី១៖ ម្ចាស់វិនិយោគផ្សារ យល់ព្រមទទួលការបង់ប្រាក់ ចំនួន៥,០០០ដុល្លារ ផ្ដាច់ជូនម្ចាស់តូបជាដើមបណ្ដឹង តាមរយៈរដ្ឋបាលក្រុងកំពតរៀបចំឯកសារជូន។
*ទី២៖ ដើមបណ្ដឹងក្រោយពីទទួលបានប្រាក់គ្រប់ចំនួន ៥,០០០ដុល្លារ ពីម្ចាស់អាជីវកម្មអ្នកវិនិយោគផ្សាររួចហើយម្នាក់ៗត្រូវតែសម្រេចការដកពាក្យបណ្ដឹងលើអាជីវកម្មវិនិយោគផ្សារនោះ ចេញពីស្ថាប័នតុលាការ។
*ទី៣៖ ម្ចាស់អាជីវកម្មវិនិយោគផ្សារ ត្រូវបង់ប្រាក់ឱ្យបានគ្រប់ចំនួន ៥,០០០ដុល្លារតែម្តងគត់ នៅថ្ងៃទី១០ ឬយ៉ាងយូរថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។
*ទី៤៖ ចំពោះដំបូលតូបមានការធ្លុះធ្លាយមានទំហំ៦ម៉ែត្រ គុណនឹង៨ម៉ែត្រ ចំនួន៨តូប ដែលត្រូវប្រគល់ឱ្យក្រុមអាជីវករ កាន់កាប់ស្របតាមលិខិតបទដ្ឋានច្បាប់ រដ្ឋបាលខេត្ត និងជំរុញការសាងសង់ដំបូលជូន ប៉ុន្តែមានការចូលរួមបដិភាគពីម្ចាស់អ្នកវិនិយោគទុនផ្សារសាមគ្គីទីរួមខេត្តនេះ នូវចំនួនទឹកប្រាក់ ២,៥០០ដុល្លារថែមទៀតផងដែរ។
ក្នុងកិច្ចការរកដំណោះស្រាយបញ្ចប់ជម្លោះ ក្នុងអង្គរប្រជុំនោះ លោក ជាវ តាយ បានថ្លែងអំណរគុណ កោតសសើរ ចំពោះប្រជាពលរដ្ឋទាំងពីរភាគី រវាងក្រុមអាជីវករអ្នកលក់ដូរទាំង ៣២តូប និងម្ចាស់អាជីវកម្មអ្នកវិនិយោគផ្សារខាងលើ ដែលគូរទ្វេភាគី បានឯកភាពយល់ព្រមទទួល យកនូវការសម្របសម្រួលដំណោះស្រាយតាមគោលនយោបាយឈ្នះឈ្នះ ដែលសម្ដេចតេជោ ហ៊ុន សែន តែងបានដាក់ចេញក្នុងការអនុវត្តន៍ រកសន្តិភាពជូនប្រទេសជាតិ និងជំរុញឱ្យដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ខិតខំយកចិត្តទុកដាក់ដើម្បីអនុវត្ត ធ្វើយ៉ាងណាសម្របសម្រួលដោះស្រាយឱ្យសង្គមគ្រួសារ និងប្រជាពលរដ្ឋបានឈ្នះ ដោយអាចទទួលយកបានទាំងអស់គ្នា។
លោកអភិបាលខេត្ត ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋ ភាគីទំនាស់ទាំងសង្ខាងក្រោយពីទទួលយកការសម្របសម្រួល ឯកភាពគ្នានៅក្នុងកិច្ចប្រជុំនេះរួចហើយ ត្រូវតែអនុវត្តបំពេញតាមលក្ខខណ្ឌឱ្យបានរៀងៗខ្លួនដើម្បីការឈ្នះទាំងអស់គ្នា៕