(ភ្នំពេញ)៖ ស្ថានទូតខ្មែរប្រចាំប្រទេសម៉ាឡេស៊ី និងក្រុមការងារ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ បាននាំយកអំណោយជាកញ្ចប់ស្បៀងអាហារ ជូនប្រជាពលរដ្ឋ ពលករកម្ពុជា ចំនួន១២០គ្រួសារ ដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ (red zone) ក្នុងស្រុក Sungai Buloh រដ្ឋ Selangor ដើម្បីជួយកាត់បន្ថយការចំណាយផ្សេងៗក្នុងដំណាក់កាលជំងឺកូវីដ១៩ ។ នេះបើតាម លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។
លោក កុយ គួង បានបញ្ជាក់ថា ពលករ និងពលរដ្ឋខ្មែរទាំងនោះ គ្មានការងារធ្វើច្រើនខែហើយ ក្នុងអំឡុងពេលដែលម៉ាឡេស៊ី បានបិទប្រទេសជាលើកទី៣ ចាប់ពីខែមិថុនា ឆ្នាំ២០២១មក ដោយមានការរីករាលដាលនៃជំងឺកូវីដ១៩។
ស្ថានទូតខ្មែរ នៅទីនោះក៏បានអំពាវនាវជាថ្មីម្តងទៀត សូមប្រជាពលរដ្ឋខ្មែរទាំងអស់ ប្រកាន់ខ្ជាប់ការថែរក្សាអនាម័យផ្ទាល់ខ្លួនឱ្យបានខ្ជាប់ខ្ជូន ដោយត្រូវលាងដៃនឹងសាប៊ូ ឬទឹកអាល់កុល អនាម័យឱ្យបានញឹកញាប់ សូមពាក់ម៉ាស់ការពារនៅពេលចាំបាច់ ត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១ម៉ែត្រពេលនៅក្នុងចំណោមមនុស្សនៅកន្លែងផ្សារសាធារណៈ និងមិនត្រូធ្វើដំណើរទៅកាន់ទីកន្លែងដែលមានមនុស្សច្រើនកុះករ ឬទីកន្លែងដែលអាជ្ញាធរម៉ាឡេស៊ី បានហាមឃាត់ជាបណ្តុះអាសន្ន៕