(សៀមរាប)៖ ប្រទាលកន្ទុយក្រពើ គឺជារុក្ខជាតិម្យ៉ាងដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពរាងកាយ សុខភាពស្បែក ជួយថែបំប៉នសម្រស់ឱ្យស្រស់ស្អាត និងជាពិសេសប្រទាលកន្ទុយក្រពើ ជួយព្យាបាល និងការពាររោគផ្សេងៗទៀត យ៉ាងមានប្រសិទ្ធភាព។
អ្នកស្រី ម៉ាក់ លី ជាពលរដ្ឋម្នាក់នៅក្រុងសៀមរាប ដែលកំពុងដាំ និងទាញយកប្រយោជន៍ពីប្រទាលកន្ទុយក្រពើ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ។
កំពុងអង្គុយដកស្មៅនៅគល់ប្រទាលកន្ទុយក្រពើ អ្នកស្រី ម៉ាក់ លី បានឱ្យដឹងថា អ្នកស្រី បានដាំប្រទាលកន្ទុយក្រពើនេះ រយ:ពេល៤ឆ្នាំមកហើយ។ ដើមឡើយ អ្នកស្រីបានទិញប្រទាលនេះ មកពីគេនៅបាត់ដំបងចំនួន៤ផើង យកមកដាំនៅបរិវេណផ្ទះ។
និយាយទាំងញញឹមញញែម ស្រី្ដវ័យ ៥១ឆ្នាំរូបនេះ បានរៀបរាប់ថា របរនេះអាចជួយផ្គត់ផ្គង់ជីវភាពគ្រួសាររបស់អ្នកស្រី ឱ្យមានជីវភាពសមរម្យ និងសល់លុយខ្លះគ្រាន់ធ្វើចង្ហាន់ប្រគេនព្រះសង្ឃ។
សព្វថ្ងៃនេះអ្នកស្រី ម៉ាក់ លី បានកាត់ប្រទាលកន្ទុយក្រពើលក់ជារៀងរាល់ថ្ងៃ មានអ្នកខ្លះមកទិញដល់ផ្ទះអ្នកស្រី និងអ្នកខ្លះទៀតអ្នកស្រីបានកាត់យកទៅឱ្យដល់ផ្ទះ ឬកន្លែងធ្វើការតែម្ដង។ ប្រទាលកន្ទុយក្រពើ១គីឡូ លក់បានតម្លៃ ៣ពាន់រៀល រីឯកូនមួយដើមតម្លៃ ៣ពាន់រៀលដែរ។ រីឯមួយផើងធំៗដែលមានដើមធំស្រាប់១ផើង ៤ម៉ឺនរៀល ទៅ៥ម៉ឺនរៀល។
យ៉ាងណាក៏ដោយ សព្វថ្ងៃនេះ ដោយសារវិបត្តិជំងឺកូវីដ១៩ ធ្វើឱ្យការលក់ប្រទាលកន្ទុយក្រពើរបស់អ្នកស្រី ម៉ាក់ លី មិនសូវដាច់ច្រើនដូចពេលមុនឡើយ។ អ្នកស្រីក៏សង្ឃឹមដែរថា បន្ទាប់ពីជំងឺកូវីដ១៩ បញ្ចប់ទៅ អ្នកស្រីនឹងលក់ប្រទាលកន្ទុយក្រពើដាច់ដូចមុនៗទៀត ដែលរបរនេះបានទ្រទ្រង់ជីវភាពរបស់អ្នកស្រីបានច្រើន បន្ទាប់ពីដំណាំរួមផ្សំដទៃទៀតជុំវិញផ្ទះ៕