(សៀមរាប)៖ រដ្ឋបាលស្រុកក្រឡាញ់ នៅថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០២១នេះ បានអំពាវនាវឱ្យអាជីវករផ្សារក្រឡាញ់ទាំងអស់ ត្រូវទៅយកសំណាកលើកទី២ នៅថ្ងៃទី២៥ ខែ សីហា ដើម្បីឈានដល់ការរៀបចំបើកផ្សារឡើងវិញ។
អភិបាលស្រុកក្រឡាញ់ លោកស្រី ម៉ននី រង្សី បានឱ្យដឹងថា ក្រុមគ្រូពេទ្យនឹងចុះមកយកសំណាកដល់អាជីវករក្នុងផ្សារក្រឡាញ់ នៅព្រឹកថ្ងៃទី២៥ ខែ សីហា ស្អែកនេះ ចាប់ពីម៉ោង ៨តទៅ ដើម្បីអាជ្ញាធររៀបចំបើកផ្សារឡើងវិញ ក្រោយបិទខ្ទប់មួយរយៈដោយសារករណីផ្ទុះជំងឺកូវីដ១៩ ក្នុងផ្សារនេះនាពេលកន្លងមក។
តាមលោកស្រីអភិបាលស្រុក ការយកសំណាកលើកទី១ លើអាជីវករផ្សារក្រឡាញ់ទាំងអស់ សរុប ៣៧០នាក់ ស្រី ២០៦នាក់ ក្នុងនោះវិជ្ជមាន ១៦នាក់ ស្រី៩នាក់៕