(កណ្តាល)៖ សម្រែកអយុត្តិធម៌របស់រាស្រ្ត មួយគ្រួសាររស់នៅភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល បានកើតឡើងទៀតហើយ តាមរយៈប្រព័ន្ធតុលាការខេត្តណ្តាល នោះគឺជនរងគ្រោះមួយគ្រួសារជិត១០នាក់ មានទាំងកូនតូចផងនោះ ត្រូវបានមនុស្សមួយក្រុម ប្រដាប់កាំបិត ដុំថ្ម...ចូលទៅដេញកាប់ប្រហារ ដេញគុបពេញផ្ទះបណ្តាលឲ្យ រងរបួសធ្ងន់ធ្ងរទាំងអស់គ្នា និងភ័យតក់ស្លុតស្ទើរពេញមួយជីវិត ប៉ុន្តែទីបំផុតរងគ្រោះមួយជាន់ទៀតនោះ គឺជនរងគ្រោះទាំងនេះ មិនទាន់ទទួលបានសំណងអ្វីនៅឡើយ បែរជាត្រូវប្រឈមមុខ នឹងច្រវ៉ាក់ទៀតផង ក្រោយពីចៅក្រមខេត្តកណ្តាល លោក អ៊ី សុវណ្ណ បានចេញដីកាបង្គាប់ឲ្យចូលខ្លួនចំនួន៧ដីកា (សម្រាប់៧នាក់)ក្រោមបទចោទប្រកាន់ពីបទ «ហិង្សាដោយចេតនា (មានស្ថានទម្ងន់)»។
អ្វីដែលជនរងគ្រោះជាប្តី (មេគ្រួសារ)ឈ្មោះ ហេង ស៊ាងហន អាយុ៣៦ឆ្នាំ បានសម្តែងការហួសចិត្តទៅទៀតនោះគឺថា នៅថ្ងែដែលក្រុមជនល្មើស ចូលទៅដេញកាប់ប្រហារ និងវាយប្រពន្ធ កូនស្រី និងញាតិរបស់ខ្លួនដល់ក្នុងផ្ទះនោះ ខ្លួនកំពុងតែនៅកន្លែងធ្វើការនោះទេ ប៉ុន្តែនៅពេលដែលសមត្ថកិច្ចមូលដ្ឋាន យកដីកាមកឲ្យស្រាប់តែ មានឈ្មោះរបស់គាត់ផងដែរ ហើយចោទប្រកាន់ពីបទ «ហិង្សាដោយចេតនា» យ៉ាងដូច្នេះ។ វាពិតជារឿងអយុត្តិធម៌ណាស់សម្រាប់គ្រួសារ របស់គាត់ទាំងមូល។
រឿងរ៉ាវសទៅជាខ្មៅ និងខ្មៅទៅជាស បែបនេះ លោក ហេង ស៊ានហន ក្រោយពីទទួលបានដីកាដ៏តក់ស្លុតភ្លាម ក៏ស្កាត់ធ្វើដំណើរមកកាន់ការិយាល័យព័ត៌មាន Fresh News ដើម្បីសុំឲ្យជួយចុះផ្សាយ បានដឹងដល់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ពិនិត្យមើលភាពមិនប្រក្រតីចំពោះសំណុំរឿងនេះផង។
សូមរំលឹកពីសាច់រឿងបន្តិចថា នៅវេលាម៉ោង៩៖៣០នាទី យប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅផ្ទះជនរងគ្រោះក្នុងភូមិ-ឃុំកើតហេតុ មានជនល្មើសមួយក្រុមប្រដាប់ដោយដុំថ្ម កាំបិតចាក់កជ្រូក... ចូលទៅដេញកាប់ប្រហារជនរងគ្រោះជិត១០នាក់ មានទាំងកូនតូចផងនោះ បង្កការភ្ញាក់ផ្អើល និងតក់ស្លុកយ៉ាងខ្លាំងពីព្រោះក្រុមជនល្មើសបានចោលដុំថ្ម គប់កំាបិត បានបណ្តាលឲ្យរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ដែលរហូតមកដល់ពេលនេះ មិនទាន់ជាសះស្បើយនៅឡើយផង។ ហើយសម្រាប់ស្ថានភាពនៅពេលនោះ កូនស្រីតូចរបស់ម្ចាស់ផ្ទះ បានរត់ទៅពួននៅក្រោមគ្រែ ក៏ជនល្មើសបានគប់កាំបិតចាក់កជ្រូកទៅក្រោមគ្រែ ប៉ុន្តែសំណាងមិនចំ បើចំវិញច្បាស់ជាស្លាប់ចោលឪពុកម្តាយជាក់ជាមិនខានឡើយ។
នៅពេលមានហេតុការណ៍នេះ កើតឡើងក្រុមប្រជាការពារ និងសមត្ថកិច្ចមូលដ្ឋាន ចុះទៅជួយអន្តរាគមន៍ ហើយធ្វើការឃាត់ខ្លួនជនល្មើសបាន២នាក់ នាំយកទៅប៉ុស្តិ៍នគរបាល ព្រមទាំងនាំក្រុមគ្រួសារជនរងគ្រោះទៅផងដែរ។
សម្រាប់ស្ថានភាពនៅពេលនោះ តាមពិតសមត្ថកិច្ចចង់សម្របសម្រួល និងបញ្ចប់នៅពេលនោះតែម្តង ពីព្រោះក្រុមគ្រួសារជនល្មើសជាមនុស្ស មានមុខមានមាត់ នៅតំបន់នោះ ប៉ុន្តែដោយមានបញ្ជាពីសំណាក់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល លោក លឹម សុគន្ថា ដែលក្តាប់រឿងនេះ ទើបសមត្ថកិច្ចបញ្ជូនទៅតុលាការ។ ហើយនៅពេលដំណើរការកាត់ទោសនោះ ក៏មានការរត់ខ្វែងដៃខ្វែងជើង ចង់ឲ្យនៅក្រៅឃុំផងដែរ ប៉ុន្តែវាជារឿងព្រហ្មទណ្ឌ ហើយមានការជួយអន្តរាគមន៍ពីព្រះរាជអាជ្ញាខេត្ត ទើបលោកចៅក្រមសម្រេចចេញដីកាឃុំខ្លួន ជាបណ្តោះអាសន្ន។
ក្រោយពេលការចេញដីកាឃុំខ្លួនជនល្មើសទាំង២នាក់ហើយ ក្រុមគ្រួសារជនរងគ្រោះ បានបង្ហាញក្តីអស់កង្វល់ និងសង្ឃឹមថា ទទួលបានប្រាក់សំណងថែមទៀត សម្រាប់ករណីមួយនេះ។ ប៉ុន្តែក្តីសង្ឃឹមរបស់ពួកគាត់បានរលាយទៅវិញ ត្រឹមមួយប៉ព្រិចភ្នែក ក្រោយពេលដែលឃើញដីកាទាំង៧សន្លឹកត្រូវបានសមត្ថកិច្ចមូលដ្ឋាន យកមកប្រគល់ឲ្យ ហើយនៅពេលសម្លឹកមើលនោះស្រាប់តែឃើញបទចោទប្រកាន់ថា «ហិង្សាដោយចេតនា»ទៅវិញ។
ក្រុមគ្រួសារជនរងគ្រោះទាំងអស់សូមលើកដៃប្រណមទៅកាន់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជួយពិនិត្យរឿងនេះផងដែរ បើមិនដូច្នេះទេ នៅពេលចូលខ្លួនទៅបំភ្លឺនៅចំពោះមុខចៅក្រម នាដើមខែមេសា ឆ្នាំ២០១៦នេះ អាចប្រឈមនឹងគុកច្រវ៉ាក់ជាក់ជាមិនខានឡើយ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក អង្គ វង្សវឌ្ឍនា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦កន្លងទៅនេះ បានជួបប្រជុំជាមួយនឹងចៅក្រមព្រះរាជអាជ្ញា ដែលមកពីសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ទូទាំងប្រទេសកម្ពុជា ដើម្បីក្រើនរំលឹកឲ្យចៅក្រម ព្រះរាជអាជ្ញាទាំងនោះ គោរពក្រមសីលធម៌ វិជ្ជាជីវៈស្វែងរក និងផ្តល់នូវយុត្តិធម៌នៅក្នុងសង្គម។
លោករដ្ឋមន្ត្រី អង្គ វង្សវឌ្ឍនា បានថ្លែងថា នេះជាលើកទី១ហើយ ដែលឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានរៀបចំឲ្យមាននូវសិក្ខាសាលា ស្តីពីក្រមសីលធម៌ចៅក្រម ក្នុងគោលបំណង ដើម្បីធ្វើការផ្សព្វផ្សាយ និងការដាក់តឿនក្រើនរំលឹកឡើងវិញ ក៏ដូចជាការជួបជុំ ចៅក្រម ព្រះរាជអាជ្ញា ធ្វើការផ្លាស់ប្តូរនូវមតិ យោបល់ដកស្រង់នូវបទពិសោធន៍ ការពិនិត្យពិភាក្សាដើម្បីស្វែងរកនូវចំណុច វិជ្ជមាននិងអវិជ្ជមាន ក្នុងរយៈពេលជិត១០កន្លងមក ដែលក្រមសីលធម៌នេះ ត្រូវបានឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រមសម្រេចអនុម័តដាក់ឲ្យអនុវត្ត។ ក្នុងក្រមខណ្ឌវិជ្ជាជីវៈស្វែងរក និងផ្តល់យុត្តិធម៌នៅក្នុងសង្គម ក្រមសីលធម៌ចៅក្រមបានដើរតួនាទីជាកត្តាចម្បងមួយ ជំរុញឲ្យចៅក្រមទទួលបាននូវសេចក្តីថ្លៃថ្នូរនិងភាពជឿជាក់។
លោករដ្ឋមន្ត្រី បានថ្លែងទៀតថា «ខ្ញុំសង្កេតឃើញថា ចៅក្រម ព្រះរាជអាជ្ញាមួយចំនួន មានការធ្វេសប្រហែសក្នុងវិជ្ជាជីវៈ ដែលជាការទទួលខុសត្រូវរបស់ខ្លួន បានបណ្តែតបណ្តោយឲ្យក្រឡាបញ្ជីពិនិត្យ ចាត់ការលើសំណុំរឿងក្តីផ្សេងៗ ការសាកសួរ និងធ្វើកំណត់ហេតុលើគូភាគី ឬជនត្រូវចោទដោយគ្មានវត្តមានចៅក្រម ឬព្រះរាជអាជ្ញា ការចេញដីកា និងការបញ្ជូនដីកាកោះ ខ្វះការត្រួតពិនិត្យដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ដំណើការនីតិវិធីរឿងក្តី សិទ្ធិនិងផលប្រយោជន៍របស់ពលរដ្ឋ។ ចៅក្រម ព្រះរាជអាជ្ញាមួយចំនួន មិនបានគោរពពេលវេលា នៃការបំពេញការងារ អវត្តមានដោយគ្មានច្បាប់ទម្លាប់ មកបំពេញការងារមិនបានទៀងទាត់ មិនគោរពអំពីវេលាប្រចាំការ។ល។ កត្តាអស់ទាំងនេះបានជះឥទ្ធិពល និងភាពទន់ខ្សោយដល់វិស័យយុត្តិធម៌ ធ្វើឲ្យបាត់ជំនឿទុកចិត្តពីសាធារណជន»។
អធិការនគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល លោក មាន សំណាង បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ថា តាមពិតនៅថ្ងៃកើតហេតុនោះ ឈ្មោះ ហេង ស៊ាងហន ជាមេគ្រួសារមិនបាននៅផ្ទះឡើយ ប៉ុន្តែបែរជាតុលាការចេញដីកាចោទប្រកាន់យ៉ាងដូច្នេះទៅវិញ លោកក៏មិនដឹងថាមិចដែរ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះជាប្រពន្ធ ឈន់ សុខឃីម បានទាស់ពាក្យសំដីគ្នាជាឈ្មោះ ប៉ុន ពិសិត្ត ហើយបានគ្រវាសដៃចំឈ្មោះ ប៉ុន ពិសិត្ត ទើបធ្វើឲ្យឈ្មោះ ប៉ុន ពិសិត្ត ហៅប្អូន និងបក្ខពួកទៅវាយជនរងគ្រោះដល់ផ្ទះបណ្តាលឲ្យរងរបួសទាំងអស់គ្នាតែម្តង។
ជនរងគ្រោះរួមមានឈ្មោះ ឈន់ សុខឃីម ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរកម្មការីនីរោងចក្រ ឈ្មោះ ហោ សុខថាន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ ឈ្មោះ សុខ ស៊ាប ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរពលករនៅប្រទេសថៃ ឈ្មោះទី សុខហ៊ុយ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ឈ្មោះ នឹង ចាន់ថុល ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ ឈ្មោះ សេង ណាវីន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់។
ដោយជនស្មើស០២នាក់រួមមាន ឈ្មោះប៉ុន ពិសិត្ត អាយុ២៨ឆ្នាំ និងឈ្មោះ ប៉ុន ចាន់នី អាយុ២១ឆ្នាំ។ វត្ថុតាងដែលសមត្ថកិច្ចដកហូតនៅកន្លែងកើតហេតុរួមមាន កាំបិតចាក់កជ្រូក១ កាំបិតកែច្នៃ១ ចបកាប់០១ ដែកទីព១ ហើយបែកស្តុបម៉ូតូខាងធេ្វង បែកកញ្ចក់ទូ០១ បែកកញ្ចក់បង្អួច០១ ធ្លុះទ្វារដែក កាំពិតទូទឹកកក និងខូចម៉ូតូ១គ្រឿង។ យុត្តិធម៌ពិតប្រាកដមានតែសម្តេចតេជោ ហ៊ុន សែន ទេ ដែលអាចផ្តល់ជូនក្រុមគ្រួសារ របស់រាស្រ្តមួយគ្រួសារនេះ៕
Posted by Fresh News Photo on Tuesday, March 29, 2016
ទស្សនាវីដេអូឆាកប្រយុទ្ធគ្នា ចូលវៃដល់ក្នុងផ្ទះ ចុងក្រោយប៉ូលិស ក្របួចបានទំាំងពីរ!
Posted by ព័ត៌មានទាន់ហេតុការណ៍ on Tuesday, March 29, 2016