(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែសីហា ២០២១នេះ ឧត្តមសេនីយ៍ឯក ហែម ថា មេបញ្ជាការរងកងពលតូចលេខ៧០ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពល បានទទួលផ្លែមៀន និងផ្លែតាង៉ែន ចំនួន៥តោន តាមរយៈលោកឧត្តមសេនីយ៍ឯក អ៊ុង សារិទ្ធ មេបញ្ជាការរង និងជានាយសេនាធិការបញ្ជាការដ្ឋានអង្គរក្ស តំណាងនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
លោកឧត្តមសេនីយ៍ឯក ហែម ថា ជំនួសមុខជូនលោកមេបញ្ជាការកងពល មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមគោរពថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ លើជីវភាពរស់នៅប្រជាពលរដ្ឋ ក្រុមគ្រូពេទ្យ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។
សូមបញ្ជាក់ផងដែរថា ផ្លែមៀន និងផ្លែតាង៉ែនជាច្រើនតោននេះ សម្តេចតេជោ បានបញ្ជាឲ្យជួយប្រមូលទិញផ្លែមៀន និងតាង៉ែន ពីប្រជាកសិករ ដែលជួបបញ្ហាទីផ្សារ ក្រុមការងារបានប្រមូលទិញមៀន និងតាង៉ែនពីកសិករ នៅទូទាំងខេត្ត ហើយនៅតែបន្តទិញបន្ថែមទៀត ដើម្បីយកមកចែកជូន ដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុមគ្រូពេទ្យជួរមុខ និងប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក និងអ្នកព្យាបាលជំងឺកូវីដ-១៩ នៅតាមមណ្ឌលចត្តាឡីស័កក្នុងខេត្តនានា៕