(ពោធិ៍សាត់)៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Sinovac ជាង៤ម៉ឺនដូស ត្រូវបានចាក់ជាបន្តបន្ទាប់ ជូនដល់កុមារ យុវវ័យដែលមានអាយុចាប់ពី១២ ដល់ក្រោម១៨ឆ្នាំ ក្នុងខេត្តពោធិ៍សាត់ ដើម្បីឱ្យពួកគេមានអង់ទីគ័រ និងឱកាសចូលរៀន ក្នុងពេលដ៏ខ្លីខាងមុខបាន។
ជាក់ស្តែងនាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ លោក ម៉ៅ ធនិន អភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌខេត្តពោធិ៍សាត់ បានអញ្ជើញចុះត្រួតពិនិត្យ និងបន្តបើកដំណើរការចាក់ ជូនដល់សិស្សានុសិស្ស នៅមណ្ឌលអនុវិទ្យាល័យតាលោ ស្ថិតក្នុងភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
ថ្លែងក្នុងឱកាសចុះពិនិត្យទីតាំង លោក ម៉ៅ ធនិន បានឱ្យដឹងថា វ៉ាក់សាំងដែលចាក់ជូនកូនៗក្មួយៗសិស្សានុសិស្សនាពេលនេះ គឺជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីរិះរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់យើង ឱ្យបានគ្រប់ៗគ្នានៅទូទាំងប្រទេស។ ជានិច្ចកាលសម្តេចតែងតែគិតគូរ និងមិនភ្លេចទេ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋយើង ជាពិសេសក្មួយៗចៅៗសិស្សានុសិស្សរបស់សម្តេច ក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩ ដើម្បីឱ្យកូនក្មួយមានអង់ទីគ័រ និងមានឱកាសចូលរៀន ក្នុងពេលដ៏ខ្លីខាងមុខបាន។
លោកក៏បានផ្តាំផ្ញើដល់កូនៗក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងត្រូវធ្វើខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ បន្តខិតខំសិក្សារៀនសូត្រ ដើម្បីឈោងចាប់នូវអនាគតដ៏ល្អ សម្រាប់ខ្លួនឯង គ្រួសារ និងជាអ្នកបន្តវេនដ៏រឹងមាំ សម្រាប់សង្គមជាតិ។ ជាងនេះទៅទៀតត្រូវចូលរួមពាក់ម៉ាស់ និងបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ» របស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីកាត់ផ្តាច់ការចម្លងជំងឺកូវីដ១៩ ឱ្យបានឆាប់រហ័ស។
ឯកសារដែលត្រូវភ្ជាប់មកជាមួយ ដើម្បីទទួលបានវ៉ាក់សាំងរួមមាន៖ ១៖ សំបុត្រកំណើត, ២៖ សៀវភៅគ្រួសារ, ៣៖ រូបថត ៤ គុណ៦ ចំនួន ១សន្លឹក, ៤៖ លេខទូរស័ព្ទប្រើប្រាស់ផ្ទាល់ខ្លួន និង៥៖ ប័ណ្ណសម្គាល់ខ្លួនជាសិស្ស។
គួរបញ្ជាក់ថា ក្រោមការគិតគូររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានផ្តល់ជូនវ៉ាក់សាំងជាច្រើនដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋពេញផ្ទៃប្រទេស និយាយរួមនឹងនិយាយដោយឡែកសម្រាប់ខេត្តពោធិ៍សាត់ ក៏ដូចជាបណ្តាខេត្តផ្សេងទៀត គឺទទួលបានដូចៗគ្នា ទៅតាមពេលវេលាកំណត់ណាមួយ។
ចំពោះវ៉ាក់សាំងដែលត្រូវចាក់ជូនដល់កូនក្មួយសិស្សានុសិស្ស ដែលមានអាយុចាប់ពី១២ ដល់ក្រោម១៨ឆ្នាំ ក្នុងខេត្តពោធិ៍សាត់ឯណេះវិញ គឺមានសរុបប្រមាណជាង៤ម៉ឺនដូស ដែលការចាក់នេះ បានបានអនុវត្តចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១មកម្ល៉េះ គិតមកទល់ពេលនេះ នៅសល់តែស្រុកក្រគរទេ ដែលត្រូវបញ្ចប់ការចាក់តាមការកំណត់៕