(ព្រះវិហារ)៖ តំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារនាំផ្លែមៀន ចំនួន ២តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ យកទៅចែកជូនតាមខ្នងផ្ទះប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់ និងចែកជូនដល់អង្គភាពពន្ធនាគារ ខេត្តព្រះវិហារ។
បើតាមលោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្តព្រះវិហារ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃនេះថា៖ «ដោយមានការណែនាំពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអម សាលាដំបូងខេត្ត រូបលោក និងលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញាររង បានដឹកនាំក្រុមការងារនាំផ្លែមៀនដែលជាអំណោយដ៏ថ្ងៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចំនួន២តោន យកទៅចែកជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ដែលរស់នៅតំបន់បិទខ្ទប់ក្នុងភូមិកំពង់ចម្លង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ និងមួយចំនួនទៀតនាំយកទៅប្រគល់ជូនអង្គភាពពន្ធនាគារខេត្ត»។
លោក វុធ សាវី បានញ្ជាក់ថា ផ្លែមៀនដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលនាំទៅចែកជូនតាមខ្នងផ្ទះប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់ ក្នុងភូមិកំពង់ចម្លងនាពេលនេះ មានចំនួន១៨០គ្រួសារ ដោយក្នុង១គ្រួសារ ទទទួលបានផ្លែមៀនចំនួន៣គីឡូក្រាមផងដែរ។
លោកក៏បានណែនាំឱ្យប្រជាពលរដ្ឋត្រូវបន្តប្រុងប្រយ័ត្ន ការពារកុំឱ្យឆ្លងជំងឺកូវីដ១៩ ដោយត្រូវអនុវត្តន៍ឱ្យបានទៀងទាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ»។
សូមបញ្ជាក់ថា ភូមិកំពង់ចម្លង ដែលស្ថិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ត្រូវបានអាជ្ញាធរខេត្តព្រះវិហារ ចេញសេចក្តីសម្រេចកំណត់ជា «តំបន់ក្រហម» និងបានសម្រេចបិទខ្ទប់បណ្តោះអាសន្នចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ដើម្បីទបស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
ជាមួយនឹងការទទួលបានផ្លែមៀន តាមរយៈអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ប្រជាពលរដ្ឋភូមិកំពង់ចម្លង បានថ្លែងអំណរគុណគោរពជូនពរសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាលោក កើត រិទ្ធ សូមមានសុខភាពល្អ អាយុយុឺនយូរ ដើម្បីដឹកនាំប្រទេសជាតិឱ្យកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យថែមទៀត៕