(ភ្នំពេញ)៖ រដ្ឋបាលសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ សូមជូនដំណឹងជាថ្មីម្ដងទៀត ដល់បង-ប្អូនប្រជាពលរដ្ឋ ឱ្យបានជ្រាបថា អាជ្ញាធរមានសមត្ថកិច្ច នឹងបន្តចាត់វិធានការក្ដៅ ក្នុងការរុះរើរាល់សំណង់សំយ៉ាបផ្ទះតូច-ធំទាំងឡាយណា ដែលបន្តលួចសាងសង់រំលោភយកដីចំណីផ្លូវសាធារណៈរបស់រដ្ឋ មកធ្វើអាជីវកម្មផ្ទាល់ខ្លួន ស្ថិតនៅតាមបណ្ដោយផ្លូវ (អតីតផ្លូវរថភ្លើង) ក្នុងភូមិចុងខ្សាច់ និងភូមិទួលសង្កែ ដោយមិនទទួលខុសត្រូវចំពោះការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិឡើយ បន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ច (សង្កាត់-ខណ្ឌ) បានជូនដំណឹងជាច្រើនលើក ច្រើនសារមកហើយ បើនៅតែរឹងរូស មិនព្រមស្ដាប់តាមការណែនាំនោះទេ។
ការជូនដំណឹងជាថ្មី របស់រដ្ឋបាលសង្កាត់ទួលសង្កែទី១ បានធ្វើឡើងជាបន្ទាន់ បន្ទាប់ពីលោកស្រី រាជ ផាវឿន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ និងជាចៅសង្កាត់ បានទទួលការអនុញាតពីលោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឬស្សីកែវ និងជាអភិបាលខណ្ឌ ឱ្យបន្តដឹកនាំកម្លាំងចុះអនុវត្តវិធានការក្ដៅ (ជំហានទី១) ក្នុងការរុះរើសំណង់សំយ៉ាបផ្ទះតូច-ធំមួយចំនួន ដែលបន្តលួចសាងសង់រំលោភយកដី ចំណីផ្លូវសាធារណៈរបស់រដ្ឋ មកធ្វើអាជីវកម្មផ្ទាល់ខ្លួន ស្ថិតនៅតាមបណ្ដោយផ្លូវ (អតីតផ្លូវរថភ្លើង) ក្នុងភូមិចុងខ្សាច់ និងភូមិទួលសង្កែ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។
លោកស្រី រាជ ផាវឿន បានគូសបញ្ជាក់ថា «អាជ្ញាធរមានសមត្ថកិច្ច នឹងចាត់វិធានការរដ្ឋបាលតាមផ្លូវច្បាប់ ដោយមិនទទួលខុសត្រូវចំពោះការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិឡើយ ប្រសិនបើក្នុងករណីប្រជាពលរដ្ឋ រស់នៅអមសង្ខាងតាមបណ្ដោយផ្លូវ មិនព្រមរុះរើរាល់សំណង់សំយ៉ាបផ្ទះតូច-ធំទាំងឡាយ ដែលលួចសាងសង់រំលោភយកដីចំណីផ្លូវសាធារណៈរបស់រដ្ឋ មកធ្វើអាជីវកម្មផ្ទាល់ខ្លួន ព្រោះជាហេតុនាំឱ្យបាត់បង់ទាំងសណ្ដាប់ធ្នាប់ សាធារណៈ របៀបរៀបរយសង្គម ពិសេសបណ្ដាលឱ្យកកស្ទះចរាចរ និងបើមានហានិភ័យកើតឡើង ដូចជាអគ្គិភ័យភ្លើងឆេះផ្ទះ ច្បាស់ណាស់ គឺរថយន្ដពន្លត់អគ្គិភ័យ មិនអាចចូលទៅជួយសង្គ្រោះបានឡើយ»៕