(សៀមរាប)៖ ជារៀងរាល់ឆ្នាំនៅពេលរដូវវស្សាចូលមកដល់ ប្រជាកសិករចាប់ផ្ដើមធ្វើស្រូវវស្សា មានអ្នកខ្លះធ្វើស្រូវកណ្ដាល និងអ្នកខ្លះទៀតធ្វើស្រូវធ្ងន់ ទៅតាមទម្លាប់ដែលប្រជាកសិករនីមួយៗធ្លាប់ធ្វើ។ ងាកមកឆ្នាំនេះ របបទឹកភ្លៀងត្រូវបានរាយការណ៍ថា នៅទាបនៅឡើយធ្វើឱ្យតំបន់ខ្លះកំពុងប្រឈមគ្រោះរាំងស្ងួត។
យោងតាមរបាយការណ៍ របស់រដ្ឋបាលស្រុកក្រឡាញ់ ដែលបានផ្ញើជូនអភិបាលខេត្តសៀមរាប នៅថ្ងៃទី២០ ខែសីហា ឱ្យដឹងថា ឃុំចំនួន៣ ដែលរងការប៉ះពាល់ដោយគ្រោះរាំងស្ងួត ក្នុងនោះមាន ឃុំស្រណាល ឃុំស្នួល និងឃុំក្រូចគរ ស្មើនឹង ១៧ភូមិ។ មានគ្រួសាររងគ្រោះចំនួន ១,៣២៨ គ្រួសារ ក្នុងនោះស្រូវកណ្ដាលចំនួន ១,៦៦៨ហិកតា និងស្រូវធ្ងន់ចំនួន ៣៤៤ហិកតា សរុបស្មើនឹង ២,០២១ហិកតា។
លោកស្រី ម៉ននី រង្សី អភិបាលស្រុកក្រឡាញ់បានឲ្យដឹងថា ការខូចស្រូវនេះ ដោយសារស្រុកក្រឡាញ់មិនមានប្រភពទឹកគ្រប់គ្រាន់។ តាមប្រភពទឹកសព្វថ្ងៃ ដែលមាននៅតាមប្រឡាយស្រុកក្រឡាញ់ បើបូមទឹកជួយសង្គ្រោះ បានត្រឹម ៥ហិកតាប៉ុណ្ណោះ មិនអាចជួយសង្គ្រោះបានទាំងស្រុងបានទេ។ មូលហេតុមួយទៀត ដោយសារប្រភពទឹកនៅស្ទឹងខាងលើ មិនទាន់មានទឹកនៅឡើយ។
លោកស្រី ម៉ននី រង្សី បានគូសបញ្ជាក់ថា បើស្ថានភាពបែបនេះ បន្តអូសបន្លាយរយៈពេលកន្លះខែទៀត ស្រូវរបស់ប្រជាពលរដ្ឋនឹងខូចខាចទាំងអស់៕