(ភ្នំពេញ)៖ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នឹងក្លាយជាចំណែកមួយដ៏ធំក្នុងរាជធានីភ្នំពេញ ក្នុងការជួយលើកកម្ពស់ការផ្សព្វផ្សាយ រួមចំណែកផ្សព្វផ្សាយ ទេសចរគោលដៅ នៅរាជធានីភ្នំពេញ នឹងលើកកម្ពស់ទេសចរណ៍ទិសដៅ របស់កម្ពុជា ដើម្បីស្តារវិស័យទេសចរណ៍ឡើងវិញ។
អង្គភាពព័ត៌មាន Fresh News បានរៀបចំកិច្ចសម្ភាសពិសេសមួយ ជាមួយលោក ហ៊ៃម៉ាន់ ខិម អ្នកគ្រប់គ្រងទូទៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ស្តីពី៖ «ការចូលរួម របស់សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្នុងការស្តារវិស័យទេសចរណ៍» ដូចខាងក្រោម៖
១៖ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានដំណើរប្រមាណ៨ខែ រួចមកហើយ។ សណ្ឋាគារ លំដាប់ផ្កាយប្រាំមួយនេះ ក៏ជាគោលដៅផ្នែក Life Style មួយដ៏សំខាន់សម្រាប់គ្រប់គ្នា នៅរាជធានីភ្នំពេញផងដែរ។ តើអ្វីដែលជាភាពទាក់ទាញ នៃសណ្ឋាគារលំដាប់កំពូលនេះ?
លោក ហឺរមិន ខឹម៖ នេះគឺជារឿងមួយដ៏រំភើបបំផុត ដែលបានលឺថា ភ្ញៀវពេញចិត្តគាំទ្រសណ្ឋាគាររបស់យើង ក្នុងចំណោមសណ្ឋាគារដទៃទៀត នៅក្នុងរាជធានីភ្នំពេញ ហើយនេះជាលទ្ធផលដែលពួកយើង បានខិតខំប្រឹងប្រែង។ យើងមានការផ្តល់ជូនគួរឲ្យចាប់អារម្មណ៍ជាច្រើន នៅក្នុងសណ្ឋាគារ ជាពិសេសផ្តោតលើកញ្ចប់ស្នាក់នៅ Staycation ដែលផ្តល់ជូនជាបន្ទប់ស្នាក់នៅ និងការប្រើប្រាស់អាងហែលទឹក រួមជាមួយអត្ថប្រយោជន៍ជាច្រើនទៀត។
ក្រៅពីនេះ យើងក៏មានសេវាកម្មដ៏គួរឲ្យទាក់ទាញផងដែរ គឺ ម្ហូបអាហារ និងភេសជ្ជៈ ដែលកំពុងតែពេញនិយមខ្លាំង ក្នុងភោជនីយដ្ឋានរបស់យើង។
យើងបានផ្តល់ជូនប្រូម៉ូសិនពិសេស នៅតាមភោជនីយដ្ឋាននីមួយៗ របស់យើងដូចជា៖ ភោជនីយដ្ឋាន FiveFive Rooftop Restaurant & Bar, The Attic, ភោជនីយដ្ឋាន Market Café ដែលមានរៀបចំជាឈុតអាហារថ្ងៃត្រង់សម្បូរបែប។ ដូច្នេះខ្ញុំគិតថា ការផ្តល់ជូនទាំងអស់នេះ ទទួលបានការចាប់អារម្មណ៍ និងទាក់ទាញដល់មនុស្សគ្រប់ៗគ្នា ហើយយើងក៏បានឃើញលទ្ធផលដ៏ល្អ ពីការផ្តល់ជូនដ៏សម្បូរបែបមួយនេះផងដែរ។
២៖ ចាប់តាំងពីបើកដំណើរការមក តើសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញមានយុទ្ធសាស្ត្របែបណាខ្លះ ដើម្បីសម្របខ្លួន ទៅបរិបទថ្មីនេះ?
លោក ហឺរមិន ខឹម៖ នេះជាគ្រាដែលលំបាកបំផុត នៃអាជីវកម្មក្នុងបរិបទ កូវីដ-១៩ ដែលយើងបានបើកដំណើរការ កាលពីដើមខែ មករា កន្លងមក។ ហើយនេះ គឺជាភារកិច្ចដ៏លំបាករបស់យើង ដែលយើងត្រូវរៀនពីរបៀបឆ្លងកាត់ព្យុះមួយនេះ និងការរៀបចំគម្រោងផែនការផ្សេងៗ ព្រមទាំងការផ្តល់ជូនពិសេសៗ សម្រាប់អតិថិជន។
យើងអាចឲ្យជាឧទាហរណ៍ថា៖ សម្រាប់ការកក់បន្ទប់ស្នាក់នៅ គឺមានភាពលំបាកខ្លាំង ព្រោះការធ្វើដំណើរទេសចរណ៍ មានចំនួនកំណត់នាពេលបច្ចុប្បន្ននេះ ដូច្នេះ យើងត្រូវប្រាកដថា យើងអាចរកប្រាក់ចំណូលពីរបៀបផ្សេងៗទៀត ដូចជា សេវាកម្មដឹកជញ្ជូនម្ហូបអាហារ ពីភោជនីយដ្ឋានរបស់យើង។ យើងក៏បានផ្តោតសំខាន់ លើការផ្តល់ជូនផ្នែក ម្ហូបអាហារ និងភេសជ្ជៈ ដើម្បីឲ្យប្រាកដថា ការផ្សព្វផ្សាយនេះ ចំគោលដៅ និងចំអតិថិជន ដែលយើងរំពឹងទុក។ មួយវិញទៀត ជាការពិតណាស់ ដោយសារកូវីដ-១៩ ការរក្សាអនាម័យ គឺមានសារៈសំខាន់ណាស់ សម្រាប់សណ្ឋាគាររបស់យើង ហើយយើងអនុវត្តវិធានការអនាម័យយ៉ាងហ្មត់ចត់ និងតឹងរ៉ឹងបំផុត។
៣៖ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលមានកម្មវិធី «ការយកចិត្តទុកដាក់សុខុមាលភាពលោកអ្នក» និងអនុវត្តវិធានការណ៍អនាម័យ យ៉ាងតឹងរ៉ឹង ដើម្បីសម្របទៅនឹងបរិបទថ្មីនាពេលនេះ។ លោកអាចបញ្ជាក់បានទេ ថាតើកម្មវិធី ហ្នឹងត្រូវបានអនុវត្តយ៉ាងដូចម្តេចខ្លះ?
លោក ហឺរមិន ខឹម៖ ការយកចិត្តទុកដាក់ ចំពោះអនាម័យ និងថែរក្សាសុខុមាលភាព កម្មវិធីនេះត្រូវបានអនុវត្តជាមួយ ហៃយ៉ាត់ តាំងពីយូរណាស់មកហើយ និងបានក្លាយជាគោលការណ៍អនុវត្តន៍យ៉ាងសំខាន់របស់យើង។ ក្នុងកំឡុងពេល កូវីដ-១៩ ផ្ទុះឡើងនេះ គឺជាពេលយើងត្រូវតែបន្តអនុវត្ត និងប្រកាន់ខ្ជាប់ គោលការណ៍របស់យើង ឲ្យកាន់តែហ្មត់ចត់បន្ថែមទៀត។ ការថែរក្សាសុខុមាលភាព គឺជាផ្នែកមួយសំខាន់បំផុតនៃជីវិត សម្រាប់សហការីរបស់យើង និងសម្រាប់ភ្ញៀវទូទៅរបស់យើង។
យើងត្រូវតែប្រាកដថា យើងបានអនុវត្ត និងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះអនាម័យ និងថែរក្សាសុខុមាលភាព នៅទូទាំងបរិវេណសណ្ឋាគាររបស់យើងទាំងមូល។ ដោយសារតែការអនុវត្តយ៉ាងហ្មត់ចត់ និងយកចិត្តខ្ពស់នៃការអនុវត្តវិធានការណ៍អនាម័យ និងសុខុមាលភាព យើងត្រូវបានទទួលស្គាល់ និងទទួលបានវិញ្ញាបនបត្រ ទទួលស្គាល់គុណភាពស្តង់ដារដោយ GBAC Star អំពីការយកចិត្តទុកដាក់ អនាម័យ ថែរក្សាសុខុមាលភាព។
៤៖ តើការអនុវត្តវិធានការណ៍អនាម័យដ៏តឹងរ៉ឹង របស់សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ីភ្នំពេញ ដែលបានអនុវត្តនេះ មានអនុលោមតាមវិធានការអនាម័យ ឫអនុវត្តតាមស្តង់ដារអន្តរជាតិណាមួយដែរ ឫទេ?
លោក ហឺរមិន ខឹម៖ សម្រាប់បទដ្ឋានមួយ ដែលយើងបាននឹងកំពុងអនុវត្តចំពោះវិធានការណ៍អនាម័យ និងការថែរក្សាសុខុមាលភាព នៅក្នុងសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ គឺអនុវត្តតាមស្តង់ដារអនាម័យខ្ពស់របស់ GBAC Star ។ នេះគឺជាកម្មវិធីដែលសណ្ឋាគារ ហៃយ៉ាត់ ទូទាំងពិភពលោកកំពុងអនុវត្ត ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩។
នេះគឺជាការទទួលស្គាល់ ដែលផ្តោតលើស្តង់ដារអនាម័យ ដើម្បីឲ្យប្រាកដថា ភ្ញៀវ និងសហការីរបស់យើង ទទួលបាននូវទំនុកចិត្តខ្ពស់ លើស្តង់ដាអនាម័យ និងមានសុវត្ថិភាព។ យើងត្រូវបានទទួលស្គាល់ដោយស្ថាប័នអន្តរជាតិចំពោះការអនុវត្តលើស្តង់ដារអនាម័យនេះ។ ចំពោះកម្មវិធីនេះ យើងត្រូវបានត្រួតពិនិត្យ ជារៀងរាល់ឆ្នាំ ដោយស្ថាប័នត្រូតពិនិត្យស្តង់ដារអនាម័យ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដោយធានាថាយើងបានអនុវត្តវិធានការណ៍ទាំងអស់ បានយ៉ាងខ្ជាប់ខ្ជួន។
ពិធីការ និងស្តង់ដារអនុវត្តវិធានការអនាម័យរបស់យើង រួមមាន៖ យើងបានធ្វើការបាញ់សម្លាប់មេរោគគ្រប់បរិវេណក្នុង និងក្រៅសណ្ឋាគារជាញឹកញាប់ ត្រួតពិនិត្យ និងបាញ់សម្លាប់មេរោគ ក្នុងបន្ទប់សម្រាប់ភ្ញៀវ មុននិងក្រោយស្នាក់នៅ គ្រប់សហការី និងភ្ញៀវ ដែលបានចូលមកក្នុងបរិវេណសណ្ឋាគារ ត្រូវគោរពតាមគោលការណ៍ ដោយពាក់ម៉ាស់ លាងសម្អាតដៃ និងវាស់កម្តៅជាដើម។
៥៖ តើសណ្ឋាគារ ហៃយ៉ាត់ រីជីនស៊ី ភ្នំពេញ ចូលរួមចំណែកយ៉ាងដូចម្តេចខ្លះ ក្នុងការស្តាវិស័យសណ្ឋាគារ និងទេសចរណ៍ឡើងវិញ?
លោក ហឺរមិន ខឹម៖ ជាក់ស្តែង អ្វីដែលយើងអាចមើលឃើញ នៅពេលនេះ នៅក្នុងប្រទេសកម្ពុជា រំពឹងថាយើងមានភាពស៊ាំសម្រាប់សហគមន៍ នៅក្នុងខែ វិច្ឆិកាខាងមុខនេះ។ បើដូចការរំពឹងទុកមែន យើងសង្ឃឹមថា នឹងមានឱកាសសម្រាប់ ការងើបឡើងវិញ នៃវិស័យមួយនេះ។ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នឹងក្លាយជាចំណែកមួយដ៏ធំ ក្នុងរាជធានីភ្នំពេញ ក្នុងការជួយលើកកម្ពស់ ការផ្សព្វផ្សាយ មិនត្រឹមតែប៉ុណ្ណោះ យើងបានរួមចំណែកផ្សព្វផ្សាយទេសចរគោលដៅ នៅរាជធានីភ្នំពេញ នឹងលើកកម្ពស់ទេសចរណ៍ទិសដៅ របស់កម្ពុជាផងដែរ។
យើងនឹងធ្វើអ្វីទាំងអស់ តាមដែលអាចធ្វើទៅបាន ដើម្បីឲ្យភ្ញៀវដឹងថា នៅកម្ពុជាមានសុវត្ថិភាព ទាំងការធ្វើអាជីវកម្មនៅទីនេះ សុវត្ថិភាពក្នុងការធ្វើដំណើរមកកាន់ទឹកដីកម្ពុជា និងមានសុវត្ថិភាពក្នុងការដើរកម្សាន្តនៅកម្ពុជា។ ហើយយើងសង្ឃឹមថា នៅខែវិច្ឆិកា និងឆ្នាំក្រោយនេះ យើងនឹងឃើញភាពប្រសើរឡើងនៃអាជីវកម្ម និងវិស័យទេសចរណ៍នៅកម្ពុជា។
៦៖ នៅឆ្នាំក្រោយ លោករំពឹងថា នឹងមានភាពល្អប្រសើរឡើងវិញ នៃវិស័យទេសចរណ៍។ តើលោកអាចបញ្ជាក់បន្តិចបានទេ តើមានមូលដ្ឋានគ្រឹះអ្វីខ្លះ ដែលគាំទ្រដល់ការរំពឹងទុក នៃភាពប្រសើរឡើងនៃវិស័យទេសចរណ៍នៅឆ្នាំក្រោយ?
លោក ហឺរមិន ខឹម៖ ខ្ញុំអាចលើកឡើងនូវទឡ្ហីករណ៍មួយចំនួន។ ដូចដែលយើងបានឃើញឥឡូវនេះ យុទ្ធនាការណ៍នៃការចាក់វ៉ាក់សាំង បានដំណើរការយ៉ាងល្អ យើងមើលឃើញថា ការគ្រប់គ្រងនៅប្រទេសកម្ពុជា គឺល្អណាស់។ ហើយនៅពេលនោះ កម្ពុជាអាចនឹងមានការសម្រេចថា តើយើងអាចបើកច្រកព្រំដែន សម្រាប់អ្នកដំណើរអន្តរជាតិនៅពេលណា តើនៅពេលណា ដែលអាចត្រលប់ទៅភាពធម្មតាតាមបែបគន្លងថ្មី។
យើងអាចក្រលេកមើលប្រទេស ក្នុងតំបន់អាស៊ាន ដែលមានទំនុកចិត្តខ្ពស់ថា ស្ថានភាពនឹងល្អប្រសើរឡើងវិញនៅឆ្នាំក្រោយ។
យើងទទួលបានការសាកសួរព័ត៌មានមួយចំនួន ពីក្រុមហ៊ុនទេសចរណ៍សម្រាប់ចុងឆ្នាំនេះ និងដើមឆ្នាំក្រោយ។ លើសពីនេះទៀតយើង មានភ្ញៀវទេសចរដែលមានចំណាប់អារម្មណ៍ ធ្វើដំណើរមកកាន់សណ្ឋាគាររបស់យើង សម្រាប់ការប្រជុំ ការសាកសួរព័ត៌មានពីការធ្វើពាណិជ្ជកម្ម ដែលនេះជាហេតុធ្វើឲ្យយើងមានទំនុកចិត្ត លើការវិលត្រលប់របស់ទេសចរណ៍អន្តរជាតិ នាចុងឆ្នាំនេះ និងឆ្នាំក្រោយ។
៧៖ រាជរដ្ឋាភិបាលកម្ពុជា មានយុទ្ធនាការពន្លឿនការចាក់វ៉ាក់សាំងទូទាំងប្រទេស និងកំពុងឈានដល់ការចាក់វ៉ាក់សាំង ដល់កុមារផងដែរ ។ តើលោកអាចបញ្ជាក់បន្តិចបានទេថា តើយុទ្ធនាការនេះ នឹងជួយជំរុញដល់ការងើបឡើងវិញ នៃវិស័យទេសចរណ៍ និងធុរៈកិច្ច ដូចម្តេចខ្លះនៅប្រទេសកម្ពុជា។
លោក ហឺរមិន ខឹម៖ ជាដំបូង ខ្ញុំសូមចូលរួមអបអរសាទរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះយុទ្ធនាការណ៍ចាក់វ៉ាក់សាំង បានដំណើរការយ៉ាងល្អប្រសើរ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អ។ ជាទស្សនៈផ្ទាល់ យើងអាចសន្និដ្ឋានបានថា នៅពេលដែលប្រជាជនទទួលបានវ៉ាក់សាំង យើងអាចមានសង្ឃឹម ចាប់ពីខែវិច្ឆិកានេះតទៅ អាចនឹងមានពន្លឺសម្រាប់វិស័យទេសចរណ៍ខ្លះៗ ដូចជាការចាប់ផ្តើមធ្វើដំណើរកម្សាន្ត ជាពិសេសទេសចរជាតិ ដោយពួកគាត់បានទទួលវ៉ាក់សាំង ហើយមានភាពជឿជាក់ជាងមុន សម្រាប់ការធ្វើដំណើរទៅកាន់រមណីយដ្ឋាន សណ្ឋាគារស្នាក់នៅ ការទទួលទានអាហារនៅភោជនីយដ្ឋាន ឬក៏ដំណើរកម្សាន្តទៅកាន់ទីរួមខេត្តនានាជាដើម។
ប្រសិនបើស្ថានភាពវិលត្រប់ដូចការរំពឹងទុក អាចនឹងមានទេសចរណ៍តាមបណ្តាប្រទេសជិតខាងមួយចំនួនចាប់ផ្តើមធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដែលនេះ ជាកត្តាអាចនឹងធ្វើឲ្យមានភាពប្រសើរឡើង សម្រាប់វិស័យទេសចរណ៍ បដិសណ្ឋារកិច្ច ភោជនីយដ្ឋាន និងវិស័យពាណិជ្ជកម្ម នាពេលខាងមុខនេះ៕