(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយអភិបាលរងខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធានមន្ទីរពេទ្យខេត្ត និងមន្ត្រីពាក់ព័ន្ធ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ បានចុះពិនិត្យ មន្ទីរពិសោធន៍វិភាគសំណាកជំងឺកូវីដ១៩ និងរៀបចំទីតាំង ដាក់ម៉ាស៊ីនផលិតអុកស៊ីហ្សែន ក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម។
បើតាមប្រធានបន្ទីរពេទ្យខេត្តកំពង់ចាម លោក យិន ស៊ីណាត បានឱ្យដឹងថា ថ្មីៗនេះមន្ទីរពេទ្យ បានរៀបចំមន្ទីរពិសោធន៍មួយដើម្បីពិនិត្យសំណាកវិភាគជំងឺកូវីដ១៩ ដោយប្រើប្រាស់ម៉ាស៊ីនកម្រិតមធ្យម អាចពិនិត្យបានមួយថ្ងៃ ចំនួន ១០០ករណី។ បច្ចុប្បន្នកំពុងធ្វើការសាកល្បង ដែលលទ្ធផលទាំងអស់ ត្រូវបានយកទៅផ្ទៀងផ្ទាត់ នៅវិទ្យាស្ថានប៉ាស្ទ័រ និងវិទ្យាស្ថានសុខភាពសាធារណៈ មួយរយៈសិន រហូតមានលទ្ធផលដូចគ្នា ទើបមន្ទីរពិសោធន៍ខេត្តកំពង់ចាម នឹងមានលទ្ធភាព ចេញលទ្ធផលដោយផ្ទាល់តែម្ដង អំពីវីរូសជំងឺកូវីដ១៩នេះ។
លោកប្រធានមន្ទីរពេទ្យឲ្យដឹងទៀតថា ជាមួយនឹងការចុះពិនិត្យមន្ទីរពិសោធន៍របស់ថ្នាក់ដឹកនាំខេត្តកំពង់ចាមនេះដែរ លោកអភិបាលខេត្ត បានពិនិត្យមើលទីតាំង ដើម្បីដាក់ម៉ាស៊ីនផលិតអុកសុីហ្សែន ដែលជាជំនួយរបស់លោក ហ៊ុន ម៉ានិត។
លោក យិន ស៊ីណាត បានបញ្ជាក់ថា ម៉ាសុីនផលិត អុកស៊ីហ្សែន នេះ មានសមត្ថភាព អាចផលិតអុកស៊ីហ្សែនបាន ក្នុងមួយម៉ោង ចំនួន ១០បំពង់។ ក្រោយការពិនិត្យទីតាំងខាងវិស្វករ និងរៀបចំប្លង់ ដើម្បីធ្វើការសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ ក្រោមការឧបត្ថម្ភគាំទ្រ ពីរដ្ឋបាលខេត្តកំពង់ចាម ។