(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ បានទទួលផ្លែមៀន និងតាង៉ែន ចំនួន៣.៥តោន ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដេីម្បីយកមកចែកជូនដល់កងកម្លាំង ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ជាមួយនឹងការទទួលបានផ្លែមៀនចំនួន ៣.៥តោន ឧត្តមសេនីយ៍ឯក ស ថេត សូមគោរពអរគុណដល់ទឹកចិត្តសណ្តោសប្រណៃដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានគិតគូរ និងយកចិត្តទុកដាក់ចាត់តំណាងដេីម្បីចុះប្រមូលទិញផ្លែមៀនដល់ចំការបងប្អូនប្រជាពលរដ្ឋនៅខេត្តបាត់ដំបង និងប៉ៃលិន ដែលកំពុងតែជួបបញ្ហាប្រឈម ផ្នែកទីផ្សារ។
ជាមួយនោះដែរ ឧត្តមសេនីយ៍ឯក ស ថេត ក៏គោរពអរគុណដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានចូលរួមចំណែកទិញមៀន តាមរយៈក្រុមការងារសម្តេចតេជោ ដេីម្បីយកមកចែកជូនដល់កងកម្លាំងចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៣.៥តោន។
សូមរំឮកថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងភរិយា បានចូលរួមចំណែកជាមួយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយទិញផ្លែមៀន (តាង៉ែន) ពីប្រជាកសិករចំនួន៣០តោន ដើម្បីចូលរួមដោះស្រាយ ជូនប្រជាកសិករដែលកំពុងជួបបញ្ហាទីផ្សារ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ប្រមូលទិញផ្លែមៀន និងតាង៉ែន របស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហា ក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវី១៩។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ផ្លែមៀនដែលសម្តេចប្រមូលទិញ ពីកសិករដាំដុះនៅតាមខេត្តជាប់ព្រំដែនថៃ នឹងយកទៅចែកជូនកងទ័ព អាវុធហត្ថ នគរបាល គ្រូពេទ្យ អ្នកជំងឺ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក។
សម្តេចតេជោ បានហៅការប្រមូលទិញមៀនថា ជាវិធីដោះទាល់ក្នុងកាលៈទេសៈដ៏លំបាក កុំឲ្យកសិករក្រីក្រខាតបង់ធ្ងន់ធ្ងរពេក ហើយការទិញនេះ ក៏មិនបានប្រើថវិកាជាតិនោះដែរ។
សម្តេចតេជោ ក៏បានរំលឹកដល់នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង, អភិបាលខេត្តបាត់ដំបង និងអភិបាលខេត្តប៉ៃលិន ត្រូវទិញពីកសិករ គឺសំដៅដល់កសិករ ក្រីក្រ ដែលដាំមៀនដោយផ្ទាល់។ សម្រាប់ចំការមៀនរបស់មន្ត្រី ទាំងស៊ីវិល ទាំងកងកម្លាំងប្រដាប់អាវុធ ឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញត្រូវរកទីផ្សារ ដោយខ្លួនឯង៕