(ភ្នំពេញ)៖ ជាផ្នែកមួយនៃកម្មវិធីពន្លឿនការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ក្រោមថវិកាគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី និងដោយមានការសហការជាមួយនឹងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ យូអិនឌីភី (UNDP) បានប្រកាសចាប់ផ្តើមដំណើរការសម្ព័ន្ធមួយ ដែលមានឈ្មោះថា កាន់តែខ្លំាងជាមួយឌីជីថល ដើម្បីជួយផ្នែកឌីជីថលដល់សហគ្រាសក្នុងស្រុកនៅកម្ពុជា ។
យោតាមសេចក្តីប្រកាសព័ត៌មានរបស់ UDNP ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះបញ្ជាក់ថា សម្ព័ន្ធនេះ មានគោលដៅភ្ជិតគម្លាតចំណេះដឹង និងជំនាញរបស់សហគ្រាសខ្នាតមីក្រូ តូច និង មធ្យម (MSMEs) ដែលកំពុងមានវត្តមានតាមប្រព័ន្ធអនឡាញខ្លះហើយ ប៉ុន្តែមិនទាន់មានលទ្ធភាពកែសម្រួលប្រតិបត្តិការតាមប្រព័ន្ធអនឡាញរបស់ខ្លួន ដើម្បីអាចឆ្លើយតបទៅនឹងបញ្ហាប្រឈម ដែលបង្កឡើងដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ នៅឡើយ។
សម្ព័ន្ធនេះប្រើប្រាស់អភិក្រមចំនួន២ ដើម្បីបង្កើនសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល ជាមួយនឹងអតិថិជន និង MSMEs តាមរយៈការប្រើប្រាស់យុទ្ធនាការបង្កើនការយល់ដឹង ដោយប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយចម្រុះ និងកម្មវិធីបណ្តុះបណ្តាលជាក់លាក់សម្រាប់ក្រុមគោលដៅនីមួយៗ។
យុទ្ធនាការបង្កើនការយល់ដឹងតាមប្រព័ន្ធផ្សព្វផ្សាយចម្រុះនេះ មានគោលបំណងផ្សព្វផ្សាយព័ត៌មានដល់អតិថិជនចំនួន ៣,១00,000 នាក់ និង MSMEs ចំនួន ១00,000 សហគ្រាសដើម្បីលើកទឹកចិត្តឱ្យមានការបង្កើនការទិញលក់តាមរយៈថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងទីផ្សារឌីជីថលដទៃទៀត។ កម្មវិធីបណ្តុះបណ្តាល ដែលរៀបចំដោយសម្ព័ន្ធនេះ នឹងបន្តផ្តល់ការបំពាក់បំប៉នដល់ MSMEs ចំនួន ១,000 សហគ្រាស នូវជំនាញដែលចាំបាច់ ដើម្បីឱ្យពួកគេអាចផ្លាស់ប្តូររបៀបធ្វើអាជីវកម្មដោយផ្ទាល់ (តាមបែបប្រពៃណី) ទៅជាអាជីវកម្មអនឡាញ ដែលអាចអោយពួកគេលក់ទំនិញ និងសេវាកម្មរបស់ខ្លួនប្រកបដោយជោគជ័យតាមប្រព័ន្ធអនឡាញ។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់គំនិតផ្តួចផ្តើមនេះ។ ក្រសួងបន្តផ្តល់ការគាំទ្រដល់ MSMEs តាមរយៈការផ្តល់ជាព័ត៌មាន និងសម្ភារផ្សព្វផ្សាយផ្សេងៗ ដើម្បីផ្តល់លទ្ធភាពឱ្យសហគ្រាសទាំងនេះ អាចប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងការប្រកបអាជីវកម្មរបស់ខ្លួន និងអាចលក់តាមប្រព័ន្ធអនឡាញ ដោយស្របច្បាប់ និងដោយជោគជ័យតាមរយៈសម្ព័ន្ធនេះ។
លោក ជា វណ្ណដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានថា «ក្នុងន័យនេះ យើងយល់ស្របជាមួយនឹងការវិភាគ និងវិធីសាស្ត្ររបស់ UNDP និងរដ្ឋាភិបាលអូស្ត្រាលីក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់ប្រព័ន្ធឌីជីថល ដោយចាប់ផ្តើមជាមួយនឹងម្ចាស់អាជីវកម្មខ្នាតតូចរបស់យើង។ តួនាទីមួយក្នុងចំណោមតួនាទីជាច្រើនរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គឺគ្រប់គ្រង និងជំរុញការភ្ជាប់ទំនាក់ទំនង និងបម្លាស់ប្តូរឌីជីថលនៅកម្ពុជា ដែលនឹងបន្តរួមចំណែកដល់ការអភិវឌ្ឍវិធីសាស្ត្រ និងមុខងារគាំទ្ររបស់កម្មវិធីនេះ។ អន្តរាគមន៍ទាំងនេះនឹងជួយឱ្យរបៀបវារៈ#កាន់តែខ្លំាងជាមួយឌីជីថល បន្តដំណើរការទៅមុខទៀត ដើម្បីបង្កើនចំនួនភាគីពាក់ព័ន្ធ ដោយការរាប់បញ្ចូលមន្ត្រី រដ្ឋាភិបាលផងដែរ ក្នុងការផ្តល់ការគាំទ្រ និងបន្ស៊ីទិសដៅនៃកម្មវិធីនេះឱ្យស្របតាមយុទ្ធសាស្ត្ររបស់យើង»។
លោក Pablo Kang អគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា លើកឡើងថា «បរិវត្តកម្មឌីជីថលនៅកម្ពុជា សម្រាប់ឆ្លើយតបចំពោះវិបត្តិជំងឺកូវីដ-១៩ កើតឡើងក្នុងសន្ទុះមួយដ៏ឆាប់រហ័ស ប៉ុន្តែមិនមែនថាគ្រប់សហគ្រាសអាជីវកម្មទាំងអស់សុទ្ធតែបានទទួលការបំពាក់បំប៉ន ដើម្បីត្រៀមខ្លួនងាកទៅប្រើប្រាស់ប្រព័ន្ធអនឡាញនោះឡើយ តួយ៉ាង សហគ្រាសខ្នាតមីក្រូ និងខ្នាតតូចជាច្រើន ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់កម្ពុជា។ អូស្ត្រាលីមានសេចក្ដីសោមនស្សរីករាយដែលបានរួមចំណែកដល់ការកសាងសេដ្ឋកិច្ចឌីជីថល ឲ្យកាន់តែមានលក្ខណៈបរិយាបន្ន និងអាចធន់ទ្រាំទៅនឹងវិបត្តិ តាមរយៈការជួយឲ្យអាជីវកម្មនានាទទួលបានជំនាញទាំងនេះ»។
លោកស្រី Sonali Dayaratne មន្ត្រីទទួលបន្ទុក នៃ UNDP ប្រចាំកម្ពុជា បានថ្លែងថា «តាមរយៈការសហការជាមួយនឹងរដ្ឋាភិបាលអូស្ត្រាលី UNDP បានផ្តួចផ្តើមបង្កើតសម្ព័ន្ធឌីជីថលនេះ ដើម្បីផ្តល់ការគាំទ្រដល់ដំណើរបម្លាស់ប្តូរសេដ្ឋកិច្ចឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលគេរំពឹងថានឹងរួមចំណែកដល់ការកសាងខឿនសេដ្ឋកិច្ចឱ្យបានរឹងមាំ ក្នុងអំឡុងពេល និងក្រោយពេលនៃការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។ វាជា ការលើកទឹកចិត្តយ៉ាងខ្លាំងតាមរយៈការមើលឃើញការគាំទ្រពេញទំហឹងពីដៃគូជាយុទ្ធសាស្ត្ររបស់យើង ដូចជារដ្ឋាភិបាលអូស្ត្រាលី ក្រសួងអប់រំ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សមាគមបច្ចេកវិទ្យាឌីជីថលកម្ពុជា សមាគមសហគ្រិនស្ត្រីកម្ពុជា សហព័ន្ធសមាគមសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា អង្គការ Volunteer Nation និងតួអង្គវិស័យឯកជន។ អ្វីដែលកាន់តែផ្តល់នូវក្តីសង្ឃឹមថែមទៀតនោះ គឺក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងដឹកនាំក៏ដូចជាទទួលយកភាពជាម្ចាស់លើសម្ព័ន្ធឌីជីថលនេះ ចាប់ពីពេលនេះតទៅ»៕