(បាងកក, ថៃ)៖ បណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើភាគីថៃ ទប់ស្កាត់សកម្មភាពវាយប្រហារ និងការជេរប្រមាថនានាលើសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ពីសំណាក់ក្រុមប្រឆាំង ដែលកំពុងជ្រកកោននៅក្នុងប្រទេសថៃ។
សំណើលោកបណ្ឌិត សុខ សុក្រឹត្យា បានធ្វើឡើងក្នុងពេលចូលជួបពិភាក្សាការងារជាមួយលោក Chaiwut Thanakanusorn រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គមថៃ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នាទីក្រុងបាងកក ប្រទេសថៃ។
ក្នុងជំនួបនេះ លោកបណ្ឌិត សុខ សុក្រឹត្យា និងលោក Chaiwut Thanakanusorn បានជជែកពីសារសំខាន់ផ្នែកឌីជីថលក្នុងឧស្សាហកម្ម៤.០ និងផ្តួចផ្តើមគំនិតមួយចំនួនលើការពង្រឹងប្រព័ន្ធបច្ចេកវិទ្យា ដើម្បីជួយដល់ដំណើរការពាណិជ្ជកម្ម វិនិយោគ និងលើវិស័យផ្សេងៗទៀតរវាងកម្ពុជា និងថៃ។
លោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានឆ្លៀតលើកឡើងពីសកម្មភាពរបស់ក្រុមប្រឆាំងកំពុងជ្រកកោននៅក្នុងប្រទេសថៃ តែងប្រើបណ្តាញសង្គមធ្វើសកម្មភាពវាយប្រហារ និងជេរប្រមាថលើរាជរដ្ឋាភិបាល ក៏ដូចជាសម្តេចតេជោ ហ៊ុន សែន។ សម្រាប់លោក សុខ សុក្រឹត្យា ការផ្តល់មូលដ្ឋានដល់ក្រុមប្រឆាំង ដើម្បីវាយប្រហារលើរាជរដ្ឋាភិបាល ក៏ដូចជាសម្តេចតេជោ ជារឿងមួយនាំឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា និងថៃផងដែរ។
ដើម្បីទប់ស្កាត់នូវសកម្មភាពដែលនាំឱ្យប៉ះពាល់ដល់ចំណងមេត្រីភាពរវាងកម្ពុជា និងថៃនេះ លោក សុខ សុក្រឹត្យា បានស្នើលោក Chaiwut Thanakanusorn ទប់ស្កាត់នូវសកម្មភាពក្រុមប្រឆាំង ឬសកម្មជនប្រឆាំង ដែលកំពុងរស់នៅក្នុងប្រទេសថៃ។
ក្នុងជំនួបនេះ លោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានស្នើឱ្យភាគីថៃជួយទប់ស្កាត់ព័ត៌មានក្លែងក្លាយនានានៅក្នុងប្រទេសថៃ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនង និងមិត្តភាពរវាងកម្ពុជា-ថៃ។
លោក សុខ សុក្រឹត្យា ក៏បានស្នើទៅភាគីថៃ ផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍លើការបង្ក្រាឧក្រិដ្ឋកម្មក្នុងប្រព័ន្ធ Cyber ដូចជាការបង្ក្រាបល្បែងអនឡាញ បង្ក្រាបការឆូតកាតហិរញ្ញវត្ថុ និងកិច្ចសហការបណ្តុះបណ្តាលធនធានមនុស្សផ្នែកឌីជីថលជូនមន្ត្រីរាជការកម្ពុជា។
សំណើទាំងនេះ ត្រូវ បានលោក Chaiwut Thanakanusorn ទទួលយក ហើយបានសន្យារិះរកវិធីដោះស្រាយ។ លោករដ្ឋមន្ត្រី ក៏បានសន្យារិះរកយន្តការល្អៗ ដើម្បីពង្រឹងកិច្ចសហការផ្នែកឌីជីថលជាមួយកម្ពុជាផងដែរ៕