(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលព្រំដែន តំណាងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំក្រុមការងារនាំយកគ្រឿងឧបភោគ បរិភោគ មានស្បៀងបម្រុងរបស់រដ្ឋាភិបាល ផ្តល់ជូនកងកម្លាំងនគរបាលការពារព្រំដែនគោក-ទឹក ចំនួន៣៥វរសេនាតូចនគរបាលការពារព្រំដែន។
ស្បៀងអាហារដែលត្រូវបាននាំយកទៅប្រគល់ជូនកងកម្លាំងនគរបាលការពារព្រំដែននោះរួមមាន៖ ដែលមាន មី ចំនួន៣,៥០០កេស, ម៉ាស់ ចំនួន៨៧,៥០០ម៉ាស់, ផ្លែមៀន ចំនួន៥តោន និងថវិកា១ម៉ឺនដុល្លារ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជួសមុខកងកម្លាំងនគរបាលការពារព្រំដែន នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ បានសម្ដែងនូវការគោរពដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគុណបំណាច់ដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្ដេចទាំងពីរតែងតែផ្សាភ្ជាប់មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅដល់កងកម្លាំងកំពុងឈរជើងជួរមុខនៅតាមខ្សែបន្ទាត់។
ក្នុងនាមកងកម្លាំងទាំងអស់ សូមប្តេជ្ញាចិត្តគោរពទទួល និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍បទបញ្ជារបស់ក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាល និងភារកិច្ចរបស់ខ្លួន សំដៅការពារឲ្យបានដាច់ខាតនូវសុខសន្តិភាព ការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដីឲ្យបានគង់វង់ ទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ គ្រប់ប្រភេទ និងចូលរួមទប់ស្កាត់ការឆ្លងកាត់ព្រំដែនរបស់ពលករ នៅតាមខ្សែបន្ទាត់ព្រំដែនដើម្បីកាត់ផ្តាច់ការរីករាល នៃជំងឺឆ្លងកូវីដ-១៩បំប្លែងថ្មី Delta កុំឲ្យឆ្លងចូលសហគមន៍ដាច់ខាត៕