(ព្រះសីហនុ)៖ បង្គោលខ្សែភ្លើងបញ្ជូនតុងស្យុងខ្ពស់ ពីវារីអគ្គិសនីគីរីរម្យទី៣ ពីខេត្តកំពង់ស្ពឺ មកភ្នំពេញត្រូវបានហ្វូងដំរីព្រៃ ដែលអ្នកស្រុកមិនដឹងចំនួន ដើរពពាតបណ្ដាលឲ្យបាក់អស់ចំនួន៦ដើម តែករណីនេះមិនបានបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ និងការដាច់ចរន្តអគ្គិសនីនោះឡើយ។ ករណីនេះបានកើតឡើងនៅភូមិស្ទឹងច្រាល ឃុំអូបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា បានថ្លែងប្រាប់ Fresh News នៅថ្ងៃត្រង់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះថា ពិតជាមានសត្វដំរីព្រៃដើរកៀរ (ពពាត) បង្គោលភ្លើងអគ្គិសនី បញ្ជូនតុងស្យុងខ្ពស់ នៅវារីអគ្គិសនីគីរីរម្យ៣ បាក់អស់៦ដើមមែន គឺចាប់ពីបង្គោលទី១ដល់បង្គោលទី៦ តែករណីនេះបានកើតឡើងពីរបីថ្ងៃមកហើយ បច្ចុប្បន្នក្រុមវិស្វកររបស់អគ្គិសនីកម្ពុជា កំពុងធ្វើការជួសជុលឡើងវិញហើយ ដោយប្រើរយៈពេលខ្ទង់២សប្ដាហ៏ទើបធ្វើរួច។
លោក កែវ រតនៈ បានអះអាងថា លោកមិនបានដឹងថា សត្វដំរីដែលដើរកៀរបង្គោលភ្លើងនេះ មានចំនួនប៉ុន្មានទេ គ្រាន់តែមន្ត្រីរបស់លោកទទួលព័ត៌មាន ពីប្រជាពលរដ្ឋនៅតំបន់នោះថា ការរលំបង្គោលភ្លើងដែលធ្វើពីដែករាង ដូចបង្គោលអង្គតែននេះ គឺដោយសារតែសត្វដំរីព្រៃដែលរកស៊ីចំណី នៅតំបន់នោះវាដើរពពាត (កៀរ) ទើបធ្វើឲ្យដួលបែបនេះ ដោយមុនដំបូងបាក់តែ១ដើម២ដើមប៉ុណ្ណោះ ហើយថ្ងៃបន្តបន្ទាប់ក៏បាក់ថែមតែម្ដង។
តាមអ្នកស្រុកនៅតំបន់នោះ បានឲ្យដឹងថា ឥឡូវនេះពួកគាត់ឧស្សាហ៍ឃើញហ្វូងដំរីព្រៃដើរស៊ីចំណីណាស់ ពេលខ្លះដើរទាំងថ្ងៃមកស៊ីដំណាំរបស់ប្រជាពលរដ្ឋ ហើយអ្នកស្រុកមិនហ៊ានដេញនោះទេ ខ្លាចពួកវាដេញធ្វើបាប៕